លោក ហ៊ុន ម៉ាណែត ជួបមេបញ្ជាការ នៃបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោកកូរ៉េ
- 2019-10-16 01:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ាណែត ជួបមេបញ្ជាការ នៃបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោកកូរ៉េ
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូកងទ័ពសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានមកចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកងទ័ពជើងគោកផងដែរ។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ។
មេទ័ពជើងគោកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះកងទ័ពនៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែបានគាំទ្រ និងផ្តល់ជំនួយសហប្រតិបត្តិការជាច្រើនដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារ បរិក្ខា ជំនាញ បចេ្ចកទេស និងការចែករំលែកនូវបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព និងការបណ្តុះ បណ្តាលធនធានមនុស្សក្នុងកងទ័ព សំដៅបម្រើដល់ផលប្រយោជន៍រួម នោះគឺសុខសន្តិភាព និងស្ថិរភាពតំបន់។
នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក គីម ជុងស៊ូ មេបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានអនុញ្ញាតទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋកូរ៉េ។ លោកបានកោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះវិស័យការពារជាតិក៏មានភាពរីកលូតលាស់ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈរួមគ្នាមួយ ដើម្បីបង្កើតទំនាក់ទំនងលើវិស័យការពារជាតិ ដែលនឹងផ្តល់ឱកាសដល់អង្គភាពយោធានៃប្រទេសទាំងពីរ អាចធ្វើសហប្រតិបត្តិការជាមួយគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕