ជប៉ុនផ្តល់ជំនួយជាង ៣លានដុល្លារសំរាប់កម្មវិធីផ្តល់ស្បៀងអាហារនៅតាមសាលារៀន

  • 2019-10-18 03:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ៣៥០លានយ៉េនជប៉ុន (ស្មើនឹង ៣,១៨លាន​ដុល្លារ) ជូន​ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ក្នុងគោល​បំណង​រួមចំណែក​ដល់​ការអនុវត្ត​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​នៅតាម​សាលារៀន​សម្រាប់​កុមារនៅ​ក្នុង​សហគមន៍​ដែលងាយរង​គ្រោះ។ កម្មវិធីស្បៀងអាហារពិភពលោកនិងប្រើប្រាស់ថវិកាជំនួយនេះ ទិញ​ត្រីខ​កំប៉ុង​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​មានបរិមាណ សរុបចំនួន ៤១៥តោន សម្រាប់​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​នៅ​តាម​សាលារៀន។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោមអធិបតីភាពដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង​លោកស្រី Francesca Erdelmann នាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា។ កាល​ពី​ថ្ងៃទី១៧ ខែតុលា នៅក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី Francesca Erdelmann បានថ្លែងថា កម្មវិធីផ្តល់អាហារសម្រាប់កុមារនេះ បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់ការកែលម្អឲ្យកាន់តែ ប្រសើរលើការចុះឈ្មោះចូលរៀន ការចូលរៀនទៀងទាត់ និង​ការ​បន្ត​សិក្សារយៈពេលវែងរបស់សិស្ស ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្របំផុត។ លោក​ស្រី​បន្ត​ថា ត្រីខកំប៉ុងដែលផ្តល់ដោយជប៉ុននេះ ក៏​ជា​ការ​បន្ថែម​នូវគុណ​ប្រយោជន៍​ខ្ពស់​ក្នុង​កញ្ចប់​អាហារ​ពេល​ព្រឹករបស់សិស្ស និងទទួលបានការកោតសរសើរពីកុមារ ដោយ​មាន​​ការ​បន្ថែម​នូវ​ប្រូតេអ៊ីន​និង​មីក្រូសារ​ជាតិ​សំខាន់ៗក្នុងអាហារ ដូច្នេះវាអាចជួយដល់សុខមាលភាពរបស់កុមារ និង​ការ​រីកលូតលាស់​សារ​ពាង្គកាយ​ជាបន្តបន្ទាប់របស់ពួកគេផងដែរ។

ចំណែកលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា តាមរយៈជំនួយឥតសំណងនេះ នឹង​ត្រូវ​ប្រើប្រាស់សម្រាប់ទិញត្រីខកំប៉ុង អំបិលអីយ៉ូត និងបន្លែជាដើម សម្រាប់​រៀប​ចំ​ជា​អាហារ​ពេល​ព្រឹក​ដល់សិស្សសាលាបឋមសិក្សាប្រមាណ ២១៧,៩០០នាក់ ក្នុងខេត្តគោលដៅចំនួន៥ រួម​មាន ខេត្ត​កំពង់ធំ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ផ្ដល់​អង្ករ​បន្ថែម​ចំនួន២ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ក្នុង​កម្មវិធី​ស្បៀង​អាហារសម្រាប់សិស្ស៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;