ប៉ូលិសកម្ពុជា ចាប់ខ្លួនអតីតនាយកសាលាហ្សាម៉ាន់ជាប់ពាក់ព័ន្ធនឹងការ​ផ្តួលរំលំ​រដ្ឋាភិបាលតួកគី

  • 2019-10-22 01:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​នាយក​សាលាហ្សាម៉ាន់ លោក អូស្មាន់ ការាខា (ជនជាតិតួកគី) បាន​រង​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់​ព័ន្ធនឹងអំពើភេរវកម្មដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលប្រទេស​តួកគី ក្នុង​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយកាលពីឆ្នាំ ២០១៦។ បន្ទាប់​ពីការចាប់ខ្លួន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនខ្លួនទៅកាន់ប្រទេសតួកគីដើម្បីទទួលទោស។

លោក អូស្មាន់ ការាខា (ជនជាតិតួកគី) ជាអតីត​នាយក​សាលាហ្សាម៉ាន់
អតីត​នាយកសាលាហ្សាម៉ាន់ លោក អូស្មាន់ ការាខា ត្រូវ​បានរងការចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ២០១៩ សង្ស័យជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនៅតួកគី កាលពីឆ្នាំ២០១៦ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចលនា របស់ លោកហ្វេធូឡា ហ្គូឡិន ដែល​ជា​ក្រុម​រដ្ឋាភិបាលតួកគី បានចោទថា ជា​ក្រុម​ភេរវ​កម្ម ដែល​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាលក្រុងអង់ការ៉ា ក្នុង​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​កាល​ពី​ឆ្នាំ​២០១៦។

ទូរទស្សន៍ Aljazeera បានចុះផ្សាយកាលពីថ្ងៃទី២០ ខែតុលា បានបញ្ជាក់ថា លោក អូស្មាន់ ការាខា ត្រូវ​បាននាំទៅឃុំខ្លួននៅប្រទេសតួកគី ក្រោមបទចោទ បង្កើតនិងរៀបចំផែនការរដ្ឋប្រហារ ជា​មួយ​បណ្ដាញ​ភេរវកម្ម​មួយ ដឹកនាំដោយលោកហ្វេធូឡា ហ្គូឡិន ដែល​កំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។

ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បានខ្លីៗ​កាលពី​ព្រលប់​ថ្ងៃទី២១ ខែតុលា ថា “តួកគីបានបង្ហាញភស្តុតាងអំពីការចូលរួមរបស់លោកលោក អូស្មាន់ ការាខា ដូច្នេះ​ត្រូវ​តែឲ្យគាត់ទៅទទួលទោសនៅ​ស្រុកគាត់ ដោយខាងកម្ពុជាបានចាប់ខ្លួន ហើយ​បាន​ប្រគល់​ឲ្យ​តួកគី។ ជាគោលការណ៍យើងចាប់ខ្លួនគាត់តាមសំណើរបស់តួកគី ដែល​គេ​បាន​បង្ហាញ​ភស្តុ​តាង​ថា គាត់មានការពាក់ព័ន្ធប្រព្រឹត្តបទល្មើសនៅស្រុកគាត់មែន”។

នាយឧត្តមសេនី ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ

ចំណែកលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និង​ជា​អ្នក​នាំ​ពាក្យ​បាន​បញ្ជាក់ប្រាប់ខ្លីៗ កាល​ពីព្រលប់ថ្ងៃទី២១ ខែតុលា ថា លោក អូស្មាន់ ការាខា ត្រូវ​បាន​ចាប់​តាម​សំណើ​របស់តួកគី កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទពាក់ព័ន្ធភេរវកម្ម។ ហើយ​បាន​បញ្ជូន​ទៅ​តួក​គីកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

គួររំលឹកថា ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា និងក្រសួងមហាផ្ទៃ នៃប្រទេសតួកគី កាល​ពីចុង​ខែ​កក្កដា ឆ្នាំ២០១៩ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​គ្នា​ស្តីពីកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំង២។ កិច្ចព្រមព្រៀង ទាំងនោះត្រូវគេពណ៌នាថា បាន​ដើរ​តួនាទី​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើតនូវក្របខណ្ឌរួមសម្រាប់ ពង្រឹង កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង២ ដោយ​ផ្តោតទៅលើឧក្រិដ្ឋកម្មឆ្លងដែននិងឧក្រិដ្ឋកម្មមានអង្គ ការចាត់តាំង ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​អំ​ពើភេរវកម្ម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;