១ថ្ងៃ​ សម្តេច ហ៊ុន សែន ជួប​ទូត​មហាអំណាច៣ប្រទេស

  • 2019-10-24 01:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួលជួបពិភាក្សាការងារ​ជាមួយ​ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតថ្មី​នៃ​ប្រទេស​ចំនួន៣ គឺ​ជប៉ុន អាល្លឺម៉ង់ និង​អាមេរិក។

  • ជំនួប​ជាមួយ​លោក Masahiro Mikami ឯកអគ្គរដ្ឋទូត​ជប៉ុន

លោក​បានគូស​បញ្ជាក់ថា ជប៉ុននៅតែ​បន្តគាំទ្រ​ដល់ប្រទេស​កម្ពុជា ជាពិសេស​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទៅលើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ រួមទាំង​វិស័យ​ផ្សេងៗ​ច្រើន​ទៀត។

សម្ដេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា​សម្ដេចពិតជា​អរគុណចំពោះប្រទេសជប៉ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៨០ និងការចូលរួមថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិកន្លងទៅនេះ។​ សម្ដេចបានបន្តទៀតថាកន្លងមកជប៉ុនក៏បានចូលរួមចំណែកក្នុងការផ្ដល់ជំនួយប្រទេសកម្ពុជាដូចជាការកសាងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកក្នុងការអភិវឌ្ឍនឹងធ្វើអោយកម្ពុជារីកចម្រើនផងដែរ។ បច្ចុប្បន្ននេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរមានដល់កម្រិតខ្ពស់ ពិសេសក្នុងកម្រិតដៃគូយុទ្ធសាស្ត្រ ដោយសារតែកន្លងមកមានការផ្លាស់ប្ដូរនៃថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ហើយលើសពីនេះទៅទៀតបច្ចុប្បន្នយើងមានការហោះហើរត្រង់ទៅមករវាងប្រទេសទាំងពីរផងដែរ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍ផងដែរ។

សម្ដេចតេជោ ក៏បានបញ្ជាក់អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងមានការកើនឡើងជាលំដាប់ ហើយសម្តេចចង់បន្តឃើញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនមានការកើនឡើងជាបន្តទៀតរួមទាំងការបណ្ដាក់ទុនពីអ្នកវិនិយោគជប៉ុនមកកម្ពុជាផងដែរ។សម្ដេច​ចង់ឲ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរបន្ថែមទៀតជាពិសេសលើការពង្រីកនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។

សម្តេចបន្តទៀតថា កម្ពុជានឹងបន្តអនុវត្តនូវនីតិរដ្ឋដើម្បីពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា អ្វីដែលជាអាទិភាពរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺការរក្សាសន្តិភាពអោយបានស្ថិតស្ថេរ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនេះនៅតែបន្ត។ លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី និង​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរមតិជុំវិញកិច្ចសហប្រតិបត្តិការលើអនុតំបន់ និងអន្តរជាតិជាពិសេសគឺពាក់ព័ន្ធធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ជាពិសេសសម្ដេចបានស្វាគមន៍ចំពោះការអញ្ជើញយុវជនពីប្រទេសកម្ពុជាទៅទស្សនកិច្ច ក៏ដូចជាសិក្សានៅប្រទេសជប៉ុនកន្លងទៅ ក៏ដូចជារយៈពេលខាងមុខទៀត។

លោក​ឯកអគ្គរាជទូត​ជប៉ុន បានមាន​ប្រសាសន៍ពីអ្វីដែលជប៉ុននឹងបន្តជួយដល់កម្ពុជាជាបន្តទៀតជាពិសេសគឺពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា ។ ឯកឧត្តមក៏មានប្រសាសន៍ថាជប៉ុននឹងសកម្មភាពដែលសហការជាមួយនឹងស៊ីម៉ាក់ ក្នុងការដោះមីននៅកម្ពុជាផងដែរ ជប៉ុននឹងបន្តលើការផ្ដល់ជំនួយលើវិស័យថាមពលអគ្គិសនី និងធ្វើផែនការមេសម្រាប់កំពង់ផែស្វ័យយ័តទឹកជ្រៅនៅខេត្តព្រះសីហនុ។ ហើយត្រង់ចំណុចនេះសម្តេចតេជោបានមានប្រសាសន៍ថា ចង់ឲ្យជប៉ុនសម្រេចនូវផែនការមេនេះ ដើម្បីឲ្យទទួលបាននូវភាពជោគជ័យ មានន័យថាធ្វើយ៉ាងណាដើម្បីឲ្យកប៉ាល់ធំៗនោះចុះចតដោយផ្ទាល់នៅកំពង់ផែទឹកជ្រៅនេះតែម្ដង ដោយមិនចាំបាច់មានការផ្ទេរទៅតាមបណ្ដាប្រទេសជិតខាងឡើយ។

  • ជំនួប​ជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់

លោក​សន្យាថា​នឹងព្យាយាម​ឲ្យអស់​លទ្ធភាព​ក្នុងការ​បន្តពង្រឹង​នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។ លោក​ក៏បានអរគុណ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានគាំទ្រ​ចំពោះបេក្ខភាព​ប្រទេស​អាល្លឺម៉ង់នៅ​អង្គការសហប្រជាជាតិកន្លងមក ជាពិសេស​ លោក​ក៏បាន​បញ្ជាក់ពីភាព​ជោគជ័យនៃ​ដំណើរទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​ប្រទេស​អាល្លឺម៉ង់​កន្លងមកនេះ ដែលដំណើរ​ទស្សនកិច្ចនេះ​គឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេស​ ឯកឧត្តមចង់ឃើញកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។

លោក​បាន​បញ្ជាក់​ថា ប្រទេសទាំងពីរ​នៅមាន​សក្តានុពល​យ៉ាងច្រើន ហើយអ្វី​ដែល​លោក​ចាប់អារម្មណ៍​បំផុត​នោះគឺឥឡូវនេះ​ជាសភាពពាណិជ្ជកម្មអាល្លឺម៉ង់ចង់បើកការិយាល័យនៅប្រទេសកម្ពុជាជាលើកដំបូង ដោយសារតែ​ក្រុមហ៊ុន​អាល្លឺម៉ង់​មានការចាប់អារម្មណ៍​លើ​សេដ្ឋកិច្ចកម្ពុជា​គឺចង់មក​បណ្ដាក់ទុន​នៅកម្ពុជា។

ជាការ​ឆ្លើយតប សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ បើ​ក្រឡេក​ទៅមើល​វិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​គឺមាន​ការរីកចម្រើន​យ៉ាងច្រើន ហើយកម្ពុជា​ ក៏មាន​ការ​នាំចូល​ពីអាល្លឺម៉ង់ច្រើនដែរដូចជារថយន្តជាដើម ហើយកម្ពុជាក៏មានការនាំចេញទៅអាល្លឺម៉ង់ច្រើនដែរដូចជាផលិតផលស្បែកជើងសម្លៀកបំពាក់ផងដែរ។​ សម្តេចបានមានប្រសាសន៍ថា កន្លងមកនេះ កម្ពុជាបានសំរេចចិត្តទិញម៉ាស៊ីនភ្លើងដែលមួយគ្រឿងទិញពីប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្ននេះកម្ពុជាក៏មានផលិតផលដូចជាស្រាបៀររបស់ប្រទេសអាល្លឺម៉ង់ចែកចាយក្នុងប្រទេកម្ពុជាផងដែរដូច្នេះបើយើងក្រឡេកទៅមើលវិស័យធុរកិច្ចកម្ពុជាអាល្លឺម៉ង់នេះ គឺប្រទេសយើងទាំងពីរនៅមានសក្តានុពលច្រើន។

ក្នុងជំនួបនេះ សម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជានឹងត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ ខាងមុខនេះ ហើយជាពេលវេលាមួយដែលសមស្របសម្រាប់ប្រទេសអាល្លឺម៉ង់ធ្វើជាប្រធាននៃសហភាពអឺរ៉ុប ពីព្រោះនៅសហភាពអឺរ៉ុបគេមានធ្វើជាប្រធានប្តូរវេន ដូច្នេះ ប្រទេសទាំងពីរ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យ។

  • ជំនួប​ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក

លោក​ពិតជារីករាយ និងទទួលស្គាល់សម្រាប់ថ្ងៃនេះ២៣ តុលា ដែលជាប្រវត្តិសាស្ត្រ និងជាថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ឯកឧត្តមដែលត្រូវចាប់ផ្ដើមបំពេញការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលជាការបន្តធ្វើនោះគឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្តេចបន្តថា ដោយសារកន្លងមកកម្ពុជា និងសហរដ្ឋអាមេរិកមានការសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកយើងមានចំណុចដែលបានឯកភាពគ្នាច្រើន ហើយយើងនឹងបន្តពេលវេលា ដើម្បីធ្វើការសហការគ្នាជាបន្តបន្ទាប់ទៀត។

កម្ពុជា និង​អាមេរិកក៏មានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរមានទាំងវិស័យអប់រំវិស័យសុខាភិបាលជាដើម ហើយយើងនឹងបន្តធ្វើការងារលើវិស័យសំខាន់ៗនេះជាបន្តទៀត ។ សម្ដេចតេជោមន្ត្រី ក៏បានជំរុញដល់ឯកអគ្គរដ្ឋទូតអាមេរិកផងដែរទាក់ទងទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

សម្តេចបន្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះសម្តេចចង់ឃើញអាមេរិក និងអាស៊ានមានការសហការគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនេះផងដែរ នៅឆ្នាំក្រោយនេះគឺជាខួបទី៧០ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះកម្ពុជា និងទូតអាមេរិក នឹងសហការគ្នាក្នុងការធ្វើកម្មវិធីមួយចំនួននៅខួបនៃទំនាក់ទំនងនេះ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;