សម្តេច ស ខេង៖ បទល្មើស​ជួញដូរ​មនុស្ស-ផ្លូវភេទ ​នឹង​កាន់តែ​ពិបាកទប់ស្កាត់ ដោយ​សារ​កត្តាទាំងនេះ

  • 2019-10-24 03:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បាន​ថ្លែង​ថា ឆ្នាំ​២០១៩ និង​ឆ្នាំបន្ត​ទៅទៀត អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវភេទ និង​អំពើ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម នៅតែកើតមាន​ក្រោម​រូបភាព​ថ្មីៗ និង​ស្មុគស្មាញ ដែល​នាំឱ្យមានការ​លំបាកទប់ស្កាត់។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
ការ​ថ្លែងខាងលើ​នេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ (២០១៩-២០២៣) ស្ដីពីការ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរ​មនុស្ស នាព្រឹក​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៩។

សម្តេច​ក្រឡាហោម លើកឡើង​ថា របៀប​នៃការ​ប្រព្រឹត្ត​បទល្មើស មាន​ការប្រែប្រួល​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម របស់​ប្រទេស​ពាក់ព័ន្ធ​ក្នុងពិភពលោក និង​ប្រកប​ដោយ​បច្ចេកវិទ្យា​កាកន់តែ​ទំនើប កាន់តែ​អាថ៌កំបាំង គួបផ្សំ​នឹង​មនោគមន៍វិជ្ជា និង​ការ​គ្រប់គ្រង​ចិត្តសាស្រ្ត​លើ​ជនរងគ្រោះ។ កត្តាទាំងនេះ ធ្វើឱ្យការស៊ើបអង្កេត និង​បង្ក្រាប​ កាន់​តែ​លំបាកឡើង​ ដែល​ឱ្យមាន​ភាព​ប្រឈម​ថ្មីៗ ក្នុងការ​រៀបចំយុទ្ធសាស្រ្ត យុទ្ធ​វិធី និង​សកម្មភាព​ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនោះ ឱ្យមាន​ប្រសិទ្ធភាព។

សម្តេច ស ខេង ក៏បាន​គូសបញ្ជាក់​ដែរថា ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​អំពើជួញដូរមនុស្ស ៥ឆ្នាំ ពីឆ្នាំ​២០១៩-២០២៣ មានគោលដៅ​បន្ត​លើកកម្ពស់​រាល់កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុសង្គម និង​រិះរក​វិធានការ​ និង​វិធីសាស្រ្ត​ថ្មីៗដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​រាល់​ទម្រង់ចាស់​ថ្មី​នៃអំពើ​ជួញដូរមនុស្ស អំពើ​ធ្វើ​អាជីវកម្ម ពលកម្ម​លើមនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែលកើតមាន​នៅក្នុងប្រទេស​កម្ពុជា និង​ទៅលើ​ប្រជាជន​កម្ពុជា ទោះ​ជានៅ​ទីណាក៏ដោយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;