ជប៉ុនជួយទៀតហើយ!ផ្តល់ជំនួយជិត៣០លានដុល្លារសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់
- 2019-11-01 03:16:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនជួយទៀតហើយ!ផ្តល់ជំនួយជិត៣០លានដុល្លារសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់
ចន្លោះមិនឃើញ
ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន និងក្រសួងសេដ្ឋកិច្ចនៅថ្ងៃនេះបានចុះកិច្ចព្រមព្រៀងលើហិរញ្ញប្បទានឥតសំណងជិត៣០លានដុល្លារសំរាប់អនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុង រាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថាJICA ដែលបានចេញផ្សាយកកាលពីម្សិលមិញឲ្យដឹងថានៅថ្ងៃនេះភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន និងក្រសួងសេដ្ឋកិច្ចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើហិរញ្ញប្បទានឥតសំណង២ ៧៧៧ លានយ៉េន ឬប្រមាណជា ២៧ លានដុល្លារអាមេរិក។
ជំនួយនេះនឹងប្រើលើគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ មានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង ២ ០០០ ម៉ែត្រ មុខកាត់ ៥០០ ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹកកខ្វក់បឹងត្របែក។
ប្រភពបន្តថារោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេល ប្រមាណ ៣២ខែ។ បន្ថែមពីលើការសាងសង់ គម្រោងក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការនិងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។
គួររំលឹកថា រាប់ទាំងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ៤គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៨ ០៥៥ លានយ៉េន ត្រូវជាប្រមាណ ៧៧ លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៤៣ លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណជិត ៣៤ លាន ដុល្លាអាមេរិក៕