ដូណាល់ ត្រាំ បង្ហោះ​រូប​កាត់ត​ជាមួយ​ឆ្កែ​១​ក្បាល ហើយ​សរសេរ​ថា "វីរបុរស​អាមេរិក"

  • 2019-11-01 04:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក បាន​បង្ហោះ​រូប​​ថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ទី​៣១​តុលា​ម្សិលមិញ ដែល​​នោះ​គឺ​​​ជា​រូបភាព​កាត់ត​​​​អំពី​សកម្មភាព​របស់​លោក​កំពុង​ជូន​មេដាយ​កិត្តិយស​ឲ្យ​​ទៅ​សត្វ​សុនខ​មួយ​ក្បាល។ បើ​យោង​តាម​សារព័ត៌មាន​ Daily Mail សុនខ​នោះ​មាន​ឈ្មោះ​ថា Conan ជា​សត្វ​ចិញ្ចឹម​យោធា​ដែល​បាន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​កម្ចាត់​មេដឹក​នាំ​ក្រុម​ឧទ្ទាម​ជ្រុល​និយម ISIS លោក Abu Bakr al-Baghdadi កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ បន្ថែម​ពី​នេះ លោក ដូណាល់ ត្រាំ ក៏​បាន​បង្ហោះ​សារ​នៅ​ពី​លើ​រូបថត​​​​នោះ​ថា "វីរបុរស​​អាមេរិក"។

រូប​ថត​កាត់​ត​ដែល​លោក ត្រាំ បាន​បង្ហោះ​នៅ​លើ Twitter
សារព័ត៌មាន Daily Mail បាន​បញ្ជាក់​ថា រូប​ថត​កាត់​ត​​ខាង​លើ​ជា​រូប​ដែល​កែច្នៃ​ពី​រូបដើម​​ ដែល​លោក ដូណាល់ ត្រាំ បាន​ប្រគល់​មេដាយ​ជូន​យោធា​ជើង​ចាស់​មួយ​រូប​ឈ្មោះ McCloughan​ កាល​ពី​​ឆ្នាំ​២០១៧​។ ពាក់ព័ន្ធ​នឹង​ការ​យក​រូប​ទៅ​កាត់​ត​ជំនួស​ដោយ​សុនខ​មួយ​ក្បាល​វិញ លោក McCloughan បាន​ឆ្លើយ​តប​ថា លោក​មិន​បាន​បណ្ដុះ​កូន​ចិត្ត​ប្រកាន់​ខឹង​ឡើយ ផ្ទុយ​ទៅ​វិញលោក​បែរ​ជា​យល់​ឃើញ​ថា វា​ជា​ការ​គោរព​យ៉ាង​សមហេតុ​សមផល​ចំពោះ​សុនខ Conan នៅ​ក្នុង​ប្រតិបត្តិការបង្ក្រាប​ក្រុម​ឧទ្ទាម។ លោក McCloughan បាន​ថ្លែង​បា្រប់​សារព័ត៌មាន New York Times ថា៖ "នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ថាសុនខ​នេះ​គឺ​ជា​​ផ្នែក​មួយ​នៃ​ក្រុម​វីរបុរស​ក្លាហាន"។
រូបថត​ដើម​របស់​លោក McCloughan (ស្ដាំ)/ ប្រភព​រូប៖ ABC

នៅ​ក្នុង​សារ​បង្ហោះ​បន្ទាប់​លើ Twitter ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហើប​​ថា សុនខ​យោធា Conan នឹង​មក​ធ្វើ​ទស្សនកិច្ច​យ៉ាង​ពិត​ប្រាកដ​មួយ​នៅ​សេតវិមាន​ នា​អំឡុង​សប្ដាហ៍​ក្រោយ​នេះ។ យ៉ាង​ណា​មិញ លោក​មិន​បាន​បង្ហើប​ថា​នឹង​មាន​ការ​ប្រគល់​ជូន​មេដាយ​កិត្តិយស​ ឬ​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;