លោក សាយ សំអាល់ ថាកិច្ចការពារ​បរិស្ថាន មិនអាច​សម្រេចឡើយ​បើគ្មានកត្តាទាំងនេះ

  • 2019-11-04 04:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាយ​ ​សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានបញ្ជាក់ថា​ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព នឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើពុំមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ។ ការបញ្ជាក់នេះ​ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩​ និងទិសដៅការងារឆ្នាំ២០២០​ នៅព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

លោកបន្តថា​ «អាទិភាពសម្រាប់យើង គឺត្រូវធ្វើយ៉ាងណា​បន្តរក្សាឱ្យបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងអធិបតេយ្យជាតិព្រមទាំងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងរង្វង់ ៧% ទើបយើងអាចបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត និងធានាមិនឱ្យភាពក្រីក្រត្រឡប់មកវិញបាន។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា គោលដៅទាំងនេះនឹងអាចសម្រេចបានយ៉ាងប្រត្យក្ស អាស្រ័យដោយយើងមានមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ ការងារបរិស្ថានអាចសម្រេចជោគជ័យទៅបាន លុះត្រាតែមានកិច្ចសហប្រតិបត្តិការល្អ និងការចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា ស្រាវជ្រាវ និង​សង្គមស៊ីវិល ទាំង​កម្រិតជាតិ និង​អន្តរជាតិ។

លោក សាយ សំអាល់ លើកឡើងថា៖ «ដូចយើងជ្រាបស្រាប់ហើយ ការងារបរិស្ថានមានចរិតអន្តរវិស័យ និងពហុជំនាញ ដែលទាមទារនូវការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រជាសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍដោយចីរភាព។ល។ ជាក់ស្តែង ក្នុងក្របខ័ណ្ឌជាតិ បទពិសោធន៍ថ្មីៗនេះ ពាក់ព័ន្ធនឹងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រសិនបើយើងមានកិច្ចសហប្រតិបត្តិការល្អនិងជិតស្និទ្ធរវាងអ្នកពាក់ព័ន្ធទាំងអស់ យើងពិតជាអាចសម្រេចបាននូវសមិទ្ធផលធំៗជូនជាតិមាតុភូមិ ជាក់ជាមិនខាន»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;