សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​លោក ថោង សារ៉ាត់ និង​បក្ខពួក​៣នាក់

  • 2019-11-07 02:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង សារ៉ាត់ និង​បក្ខពួក ៣នាក់ទៀតឈ្មោះ កួយ ចាន់ថុល មាស សម្បត្តិ និង ឈុន ចិត្រា ត្រូវបាន​សាលា​ឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យនៅក្រៅឃុំ​បណ្តោះអាសន្ន ក្រោយ​បើក​ការជំនុំជម្រះ​ជាច្រើន​លើក​មក។

រូបថត៖ ដើមអម្ពិល
អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ បានជំនុំ​ជម្រះ​លើសំណុំរឿង​ព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៩ អស់រយៈពេល ៥លើក ដែលមាន​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយ ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឈុន ចិត្រា ដែលត្រូវបាន​ជាប់​ចោទពីបទ ផ្ដើមគំនិត​ក្នុងអំពើ​ឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

តាមរយៈសវនាការនេះ ក្រោយពី​បានពិនិត្យ​សំណុំរឿង និងលទ្ធផល​នៃការសួរតទល់​នាពេល​សវនាការនឹង​ភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះ​យល់ថា មានភាព​ចាំបាច់ត្រូវធ្វើការអង្កេតបន្ថែម​ដើម្បីជាប្រយោជន៍យុត្តិធម៌ នៃ​សំណុំរឿង និងបាន​សម្រេច​ចាត់របៀប​ស៊ើបអង្កេត ហើយក្នុង​អំឡុងពេល​នៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់​ចោទ ៤រូប បានដាក់ពាក្យ​សុំនៅក្រៅឃុំ​បណ្តោះអាសន្ន និងមាន​ការបញ្ជាក់ពីមូលហេតុ​ជា​អំណះអំណាង ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ បន្តថា ការបើកការស៊ើបសួរបន្ថែម អាចត្រូវការ​រយៈពេលយូរ​បន្ថែមទៀត ដោយសារ​សំណុំរឿងនេះ​មានលក្ខណៈ​ស្មុគស្មាញ ព្រមជាមួយគ្នានេះ​កម្រិតនៃ​ភស្តុតាង​ទាក់ទង​នឹងជនជាប់ចោទ ដែលបាន​ដាក់ពាក្យសុំ​នៅមាន​កម្រិត ហើយក្រុមប្រឹក្សា​យល់ថា ការឱ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំមាន​តម្រុយ​ភស្តុតាង​ណាមួយ ដែលបញ្ជាក់ពី​មូលហេតុ​ចាំបាច់​នៃការឃុំខ្លួន​បណ្តោះអាសន្ន​តាមមាត្រា ២០៥ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទេ។

ក្នុងចំណោមជនជាប់ចោទទាំង ៤នាក់នេះ ក៏មានជនជាប់ចោទ​ដែលមាន​សុខភាពទ្រុឌទ្រោម គប្បីមាន​ភាពងាយស្រួល​ក្នុងការថែ​ទាំព្យាបាល ដោយពេទ្យ​ជំនាញឯកទេស​ផងដែរ ។

ការដោះលែង​ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន​នេះ ត្រូវបាន​ជំនួសដោយ​ការដាក់ឲ្យជន​ជាប់ចោទ​ស្ថិតក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវតុលាការ​តាមលក្ខខណ្ឌ​ចំពោះ​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- កួយ ចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឈុន ចិត្រា ដូចខាងក្រោម ៖

១- ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ ។

២- ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។

៣-ត្រូវបង្ហាញ​ខ្លួននៅការិយាល័យ​ស្នងការនគរបាលរាជធានីភ្នំពេញ​រៀងរាល់​សប្តាហ៍ទី១ រៀងរាល់​ខែ។

៤- ចូលបង្ហាញ​ខ្លួនតាម​ការកោះហៅ​របស់​តុលាការ ឬ អាជ្ញាធរ​មានសមត្ថកិច្ច​ដែលចាត់តាំង​ដោយតុលាការ។

ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០៣មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ប្រកាស​សាលក្រម​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែស៊ី​ម៉ង់សញ្ញាត្បូង ។

លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ត្រូវបានបាញ់សម្លាប់កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បី​ទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;