មុនក្លាយជាកំពូលអ្នកប្រដាល់ថៃ Sam-A ឆ្លងកាត់ជីវិតកុមារភាពបែបណាខ្លះ?
- 2019-11-19 02:57:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនក្លាយជាកំពូលអ្នកប្រដាល់ថៃ Sam-A ឆ្លងកាត់ជីវិតកុមារភាពបែបណាខ្លះ?
ចន្លោះមិនឃើញ
Sam-A Gaiyanghadao ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ល្អបំផុតម្នាក់ ក្នុងចំណោមអ្នកប្រដាល់ថៃ ក្នុងប្រវត្តិសាស្ត្រ។ Sam-A មានកំណត់ត្រាប្រកួត ៤២៣ដង ក្នុងនោះឈ្នះ ៣៦៧ដង ចាញ់ ៤៧ដង និង ស្មើ៩ដង។ Sam-A ធ្លាប់ឈ្នះពានកីឡាករល្អប្រចាំឆ្នាំនៅសង្វៀនល្បីឈ្មោះ Lumpinee ឬ Lumpinee Fighter of the Year និងឈ្នះខ្សែក្រវាត់ Lumpinee Stadium World Titles ច្រើនសម័យកាលក្នុងប្រភេទទម្ងន់ពីរផ្សេងគ្នា។
Sam-A ដែលបានអះអាងថាជាខ្មែរសុរិន្ទនោះ បានកើតក្នុងត្រកូលក្រីក្រមួយនៅនៅតំបន់ដាច់ស្រយាលនៅខេត្តបុរីរម្យ ប្រទេសថៃ ដែលមានឳពុកម្ដាយជាកសិករ។ Sam-A បានរស់នៅតាមបែបកសិករមានជីវភាពមិនល្អប្រសើរ ប៉ុន្តែមានឱកាសប្រឡូកក្នុងក្បាច់គុនមួយថៃកាលនៅក្មេង និងបានធ្វើឲ្យជីវិតរបស់គេកាន់តែល្អប្រសើរឡើង។
Sam-A សង្កត់ធ្ងន់ថា៖ «ពេលនោះស្រាប់តែ មនុស្សអ៊ូអរបែរជាស្ងាត់បន្តិចហើយ ខ្ញុំមើលមនុស្សជុំវិញ និយាយថា ហេតុអ្វីអត់យកខ្ញុំប្រកួត។ ខ្ញុំបានប្រាប់ពូរបស់ខ្ញុំ ហើយខ្ញុំចង់ប្រកួត។ គាត់មើលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា កុំអី ព្រោះមិនដែលប្រកួតពីមុនទេ។ គាត់មិនយកខ្ញុំប្រកួតទេ ប៉ុន្តែខ្ញុំចង់ប្រកួតខ្លាំងណាស់ ហើយថែមទាំងដេញឲ្យខ្ញុំទៅផ្ទះដើម្បីសុំឪពុកម្ដាយរបស់ខ្ញុំទៀតផង»។
បែបណាក្ដី ឪពុកម្ដាយរបស់ Sam-A មិនជំទាស់ហាក់បីដូចចង់ឲ្យកូនប្រកួតទោះបីជាអត់ដែលមានពិសោធន៍ក៏ដោយ បន្ទាប់ពីរូបគេបានបញ្ចុះបញ្ចូលអង្វរកមួយសន្ទុះ។ Sam-A បញ្ជាក់ថា៖ «ខ្ញុំសុំឪពុកម្ដាយរបស់ខ្ញុំ ពួកគាត់មើលមកខ្ញុំ និងមិនឆ្លើយភ្លាមៗទេ។ ពួកគាត់សម្លឹងមើលខ្ញុំ និងបានគោះក្បាលខ្ញុំ។ ក្រោយមកខ្ញុំក៏ននៀលដី និងយំ។ ត្រឹមពីរបីនាទីបន្ទាប់ពីយំខ្លាំងនិងស្រែកខ្លាំងផងនោះ ឪពុកម្ដាយខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េច ហើយក៏យល់ព្រមឲ្យខ្ញុំទៅប្រកួត»។
Sam-A មិនធ្វើឲ្យពូ និងឪពុកម្ដាយខកចិត្តទេដោយប្រកួតទាំងសប្បាយចិត្ត និងឈ្នះការប្រកួតដំបូងទល់នឹងក្មេងនៅក្នុងមូលដ្ឋាន។ ការប្រកួតដំបូងនោះធ្វើឲ្យគេស្រលាញ់មួយថៃកាន់តែខ្លាំង និងបន្តទៅផ្លាស់ប្ដូរជីវិតប្រសើរឡើងទាំងស្រុង។ កីឡាករមកពីខេត្តបុរីរម្យ បន្តថា៖ «ក្រោយចប់ ៣ទឹក គ្មានអ្នកណារំភើបជាងខ្ញុំទេ ពេលអាជ្ញាកណ្ដាលលើកដៃខ្ញុំ។ ខ្ញុំឈ្នះការប្រកួតនោះ។ យ៉ាងណាក្ដី ឳពុកម្ដាយខ្ញុំក៏សប្បាយចិត្តចំពោះជ័យជម្នះរបស់ខ្ញុំដែរ តែពួកគាត់មិនបានគិតថាខ្ញុំនឹងក្លាយជាកីឡាករទេ។ ខ្ញុំក៏មានប្រកួតលើកទី២ តែខ្ញុំចាញ់ការប្រកួតនោះ»។
ស្ថិតក្នុងកាលៈទេសៈណាក្ដី ឪពុកម្ដាយបានគិតថា Sam-A នឹងមិនបោះបង់នោះឡើយព្រោះតែចិត្តគេចង់ និងដក់ចិត្តស្រលាញ់ពេក ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក។ ទីបំផុត ឪពុកម្ដាយរបស់ Sam-A ងាកមកផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងពេញទីដោយពួកគាត់បានជួលគ្រូបង្ហាត់ដល់កូនប្រុសតែម្ដង។
កីឡាករវ័យ៣៦ឆ្នាំរៀបរាប់ថា៖ «អ្វីៗមិនអាចកើតចេញពីគ្រួសារអ្នកមានទាំងអស់នោះទេ ប៉ុន្តែឪពុកម្ដាយរបស់ខ្ញុំមានគុណធំធេង គាត់បីបាច់ថែរក្សាខ្ញុំ និងយកចិត្តទុកដាក់ខ្ញុំណាស់ និងសម្រេចបំណងរបស់ខ្ញុំ។ យើងមិនមានលុយទិញសម្ភារទំនើប ប៉ុន្តែពួកគាត់រៀបចំឥវ៉ាន់សម្រាប់កីឡាប្រដាល់ឲ្យខ្ញុំ មានបាយសាក់ចាស់មួយញាត់ខ្សាច់ចូលដើម្បីដាល់និង ទាត់។ ខ្ញុំបានហាត់រាល់ថ្ងៃក្រោយចេញពីសាលា។ មួយថៃជាជីវិតរបស់ខ្ញុំ»។
លើសពីនេះទៅទៀត Sam-A បានក្លាយជាកីឡាករគំរូល្អម្នាក់ និងកំពុងបង្ហាត់ក្មេងៗជំនាន់ក្រោយនៅក្លិប Evolve MMA នាប្រទេសសិង្ហបុរី ជាប្រទេសដែលគេរស់នៅបច្ចុប្បន្ន។ ពេលនេះ Sam-A ក៏នៅតែមានការចាប់គូប្រកួតជារឿយៗដែរព្រោះរូបគេជាកីឡាករជាប់កិច្ចសន្យានៅសង្វៀន ONE Championship។
ដោយកើតចេញពីគ្រួសារក្រខ្សត់មុនក្លាយជាវីរបុរសម្នាក់ក្នុងក្បាច់គុនមួយថៃ Sam-A បន្តដើរតាមវិថីដែលខ្លួនស្រលាញ់ដដែលគិតត្រឹមអាយុ៣៦ឆ្នាំនេះ។ Sam-A គូសបញ្ជាក់ថា៖ «ប្រដាល់មួយថៃបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំឲ្យល្អប្រសើរឡើង។ ខ្ញុំជឿជាក់ថាវានឹងបន្តលើកទឹកចិត្តដល់កីឡាករផ្សេងៗដែលបានទស្សនាការប្រកួតរបស់ខ្ញុំ»។
សូមបញ្ជាក់ថា Sam-A នឹងឡើងប្រកួតយកខ្សែក្រវាត់ ONE Strawweight Kickboxing World Championship ទល់នឹងកីឡាករចិន Wang Junguang នៅក្នុងកម្មវិធី ONE: MARK OF GREATNESS របស់ ONE Championship នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ កីឡាការិនីខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី ក៏នឹងប្រកួតក្នុងកម្មវិធីនោះដែរ៕