លោក ដូណាល់ ត្រាំ ប្រាប់សម្តេច ហ៊ុន សែន ថា អាមេរិកមិនស្វែងរកឱ្យមានការប្តូររបបនោះទេ
- 2019-11-22 06:47:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ដូណាល់ ត្រាំ ប្រាប់សម្តេច ហ៊ុន សែន ថា អាមេរិកមិនស្វែងរកឱ្យមានការប្តូររបបនោះទេ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជម្រាបជូនសម្តេច ហ៊ុន សែន តាមរយៈលិខិតមួយចុះកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អាមេរិកគោរពឆន្ទៈអធិបតេយ្យរបស់ប្រជាជនកម្ពុជា ហើយអាមេរិកមិនស្វែងរកឱ្យមានការប្តូររបបនោះទេ។ រដ្ឋបាលរបស់លោក ស្វះស្វែងធ្វើឱ្យទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់សម្តេច ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។
ក្នុងលិខិតបានសរសេរថា អាមេរិកនៅតែបន្តប្តេជ្ញាចំពោះអនាគតនៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនកម្ពុជា។ ចាប់តាំងពីសង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ អាមេរិក បានធ្វើការងារប្រកបដោយផ្លែផ្កាជាមួយរដ្ឋាភិបាលកម្ពុជា ដោយអាមេរិកបានគាំទ្រលើសេវាកម្មផ្នែកយោធា សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ហើយការគាំទ្រទាំងនោះ បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពសម្រាប់សង្គមស៊ីវិល និងស្ថាប័នអភិបាលកិច្ចកម្ពុជា។
លោកត្រាំ បន្តថា អាមេរិកនឹងបន្តគូសបញ្ជាក់ពីជំនឿស្នូលរបស់ខ្លួនថា ការប្តេជ្ញាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋ បង្កើតបានជាមាគ៌ាដ៏ល្អបំផុតឆ្ពោះទៅសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់គ្រប់ប្រជាជាតិទាំងអស់។
លោកប្រធានាធិបតីសង្ឃឹមថា សម្តេចនឹងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាប្រកាន់យក ដោយការសម្រេចទាំងនេះ អាមេរិកជឿជាក់ថា វានឹងមានហានិភ័យខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាព និងអធិបតេយ្យភាពយូរអង្វែងរបស់កម្ពុជា៕