ត្រឹម​ឆ្នាំ ២០២០ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់ចរាចរណ៍មាន​ចំនួន​ក្រោម ២ពាន់​នាក់​

  • 2019-11-25 03:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ជាក់ស្ដែងក្នុងអនុវត្តផែនការសកម្មភាពជាតិ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០១០-២០២០) គ.ស.ច.គ បាន​ខិតខំ​ធ្វើការ​ទប់ស្កាត់​ចំនួន​អ្នក​ស្លាប់នៅត្រឹមក្រោម ២ ០០០នាក់ មិន​ឱ្យ​កើន​អ្នក​ស្លាប់​ដូច​ដែល​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​បាន​ព្យាករណ៍ទុក ៣ ២០០នាក់ នៅឆ្នាំ២០២០។ ការបញ្ជាក់នេះ នៅ​ក្នុង​ទិវារំលឹក​ជន​រង​គ្រោះ ដោយ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកោះពេជ្រ។

នេះជាលទ្ធផលប្រកបដោយផ្លែផ្កា ក្នុង​ការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ និង​ជា​ការរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការអនុវត្តផែនការទស្សវត្ស របស់អង្គការសហប្រជាជាតិ​ស្តី​ពី​សវត្ថិភាព​ចរាចរណ៍។

សម្តេចក្រឡាហោមបឆនបន្តថា ក្នុងរយៈពេល ៩ ខែនៃឆ្នាំ២០១៩ គ្រោះ​ថ្នាក់ចរាចរណ៍​បាន​កើត​ឡើង​ចំនួន ៣ ១៥៩លើក បណ្តាលឱ្យបាត់បង់ជីវិតចំនួន ១ ៥២១នាក់ និងរបួស ៤ ៧២១ នាក់ គិត​ជា​មធ្យមគឺស្លាប់ជាង ៥នាក់ និងរបួស១៧ នាក់ក្នុងមួយថ្ងៃ។ មូលហេតុចម្បងដែល បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគច្រើនលើសលប់ដោយអ្នកបើកបរ យានយន្តមិនគោរពច្បាប់ បង្ក​គ្រោះ​ថ្នាក់​ដោយ​ការ​បើកបរលើសល្បឿន​កំណត់ ៣៧% មិន​គោរព​សិទ្ធិ២៤% មិនប្រកាន់ស្ដាំ ១២% វ៉ាជែង៩% បត់៨% ស្រវឹង៦% កត្តាយាន​យន្ត​៣% និងងងុយ១% ។

ភាគច្រើន នៃជន រងគ្រោះដែលស្លាប់ គឺជាអ្នកប្រើប្រាស់ម៉ូតូមានរហូតដល់ទៅ ៧៦% ក្នុង​នោះ​មិន​ពាក់​មួក​សុវត្ថិភាព ៧៦%។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើង​នៅ​ពេល​យប់ចំនួន ៥៤% និង​ពេល​ថ្ងៃ​ចំនួន ៤៦% ហើយបានបង្កឡើងដោយអ្នកបើកបរ​ម៉ូតូ​ចំនួន ៥០% អ្នក​បើក​បររថយន្ត​ធុន​ស្រាល​ចំនួន ៣០% និង​អ្នកបើកបររថយន្តធុនធ្ងន់ ចំនួន២០%។

ដោយ​ឡែក នៅរាជធានីភ្នំពេញគ្រោះថ្នាក់កើតឡើង នៅពេលយប់មានអត្រាខ្ពស់ដល់ទៅ ៧២% បណ្តាល​ឱ្យមានជនរងគ្រោះជាច្រើនជាងខេត្តនានា និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដូចជា របាំងចែកទ្រូងផ្លូវ បង្គោលភ្លើង ផ្លាកសញ្ញាចរាចរណ៍ បង្កាន់ដៃស្ពាន សួនច្បារ របង។

តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យប្រទេសកម្ពុជាយើងខាតបង់ថវិកា ក្នុងមួយ​ឆ្នាំៗ ជាច្រើនលានដុល្លារ ដោយមិនគិតផលលំបាកសង្គមដូចជាការបន្សល់ទុកជនពិការកុមារ​កំព្រា ស្ត្រី​មេម៉ាយ និងធ្វើឱ្យគ្រួសារមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ ដែលបណ្តាលឱ្យប៉ះពាល់ដល់​ការ​ខិតខំ​ប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម សូមយកឱកាសនៃការប្រារព្ធពិធីទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកលើកទី១៤ នេះ បញ្ជាក់ជូនថា គ.ស.ច.គ បានប្តេជ្ញាចិត្តជំរុញការរក្សាសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឱ្យទទួលបានជោគជ័យ ដើម្បីសង្គ្រោះជីវិតមនុស្សធានាមិនឱ្យប្រជាពលរដ្ឋធ្លាក់ ទៅក្នុងភាពក្រីក្រ និងធានាឱ្យសង្គមជាតិ មានសុន្តិសុខ សន្តិភាពសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ ប្រកបដោយចរិភាព៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;