កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក​

  • 2019-12-02 06:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ​រៀបចំ​សនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក​របស់​សមាគម​ផ្ដល់​សេវា​ការងារ​សាធា​រណៈ​ពិភព​លោក ក្រោមប្រធានបទ ឌីជីថល​នីយកម្ម​ក្នុងសេវាការងារសាធារណៈ (Digitalization in Public Employment Services) ដោយមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ អន្តរជាតិ​ប្រមាណ ៤០០នាក់។ កម្មវិធី​នេះ​បាន​បើក​ជាផ្លូវការ​នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅ​សណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប។

ថ្លែង​ក្នុងពិធីបើកសនិ្នសីទ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់​ថា “សន្និសីទអាស៊ី-ប៉ាស៊ីហ្វិក នេះ ត្រូវបានធ្វើឡើងត្រូវចំកាលៈទេសៈ ព្រមទាំង មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​ដោយបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ ប្រទេស​សមាជិក​ទាំង​អស់​ចែក​រំលែក ស្វែង​យល់ និង​ដក​ស្រង់​យក​ចំណេះ​ដឹង​បទពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ក្នុង​ការ​សិក្សា និង​ការ​ចាប់​យក​មក​ប្រើប្រាស់ នូវ​បច្ចេកវិទ្យាបច្ចុប្បន្ននិងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រម​ទាំងបំប្រួញគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​ទើប​បាន​ចាប់​ផ្តើម​អភិវឌ្ឍ​សេវា​ការងារ​សាធារណៈ​ដូចជា​កម្ពុជា ក្នុង​ការខិតខំ ធ្វើដំណើរឈានទៅសម្រេចជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែ ក្លាយ​ទៅ​ជា​សេវា​ការងារ​សាធារណៈឌីជីថលពេញលេញ”។

ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទថា្នក់តំបន់នេះ មានការចូលរួមចែករំលែកចំណេះដឹង និង​បទ​ពិសោធន៍​ពី​អ្នកឯកទេសផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃសេវាការងារសាធារណៈ អ្នកស្រាវជ្រាវ អ្នក​រៀបចំគោលនយោបាយ និង​មន្រ្តី​ផ្នែក​ផ្តល់​សេវា​ការងារ​សាធារណៈ​ដែល​អញ្ជើញ​មក​ពី​បណ្តាល​ប្រទេស​ជា​សមាជិក​ចំនួន ១២ នៅទូទាំងពិភពលោក។

ការរៀបចំឡើងនូវសន្និសីទនាថ្ងៃនេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត​អំពី​តួនាទី​កាន់​តែ​សំខាន់​ចាំ​បាច់​របស់ WAPES នៅលើឆាកអន្តរជាតិ ក្នុង​ការ​បង្កើត​ជា​វេទិកា​សម្រាប់​ការសិក្សា​និង​ការ​កសាង​ចំណេះដឹង និង​ផ្តល់​ការគាំទ្រដល់សមាជិកក្នុងការបង្កើនជំនាញ​។កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និង​ការ​គាំទ្រ​តាម​លទ្ធភាព​ដល់​រាល់​សកម្មភាព​របស់ WAPES ក្នុងការឈានទៅសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួននេះ។

លោករដ្ឋមន្ត្រីបន្តថា ដោយសារកម្ពុជាយើងទើបតែបានបង្កើតសេវាការងារសាធារណៈ ក្នុង​ឆ្នាំ​២០០៩ ដូច្នេះ​ការអភិវឌ្ឍប្រព័ន្ធ ផ្តល់សេវាដែលមានភាពប្រទាក់ក្រឡា និង​ការ​ធ្វើ​ស្វ័យ​ប្រវត្តិ​កម្ម​ដោយ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅ​មានកម្រិតទាបនៅឡើយ។ ក្មុងន័យនេះរាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការប្រែប្រួលយ៉ាងលឿន នៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ចនិងទីផ្សារការងារ ព្រម​ទាំងការទាមទារកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋ នូវសេវាកាន់តែមានគុណភាព ការ​ឆ្លើយ​តប​បានឆាប់រហ័សប្រកបដោយសមធម៌និងមានតម្លាភាព។

គួរបញ្ជាក់់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់​សមាគម​ពិភព​លោក​នៃ​សេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។

ឱកាស​ក្នុង​ការ​រៀប​ចំសន្និសីទ​នេះគឺជាវេទិកាដែលផ្តល់នូវកាលានុវត្តភាពក្នុងការចែករំលែកចំណេះដឹង បទ​ពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈ ក្នុង​ចំណោម​រដ្ឋ​សមាជិក​ដែល​មាន​ការ​អភិវឌ្ឍខ្លាំងក្លាផ្នែកការផ្តល់សេវាការងារតាមប្រព័ន្ធឌីជីថល ព្រម​ទាំង​ការ​បង្ហាញ​ពី​ករណី​សិក្សា​នៃ​ការ​ចាប់​ផ្តើម​ស្រូប​យក​បច្ចេកវិទ្យា​ឌីជីថល​ចូល​ក្នុង​ការ​ផ្តល់​សេវា​ការងារ​របស់​រដ្ឋ​ជា​សមាជិក​ថ្មីដូចជាកម្ពុជា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;