រដ្ឋមន្រ្តី​ការបរទេស ប្រាប់​និស្សិត​ដែល​ទៅរៀននៅបរទេសថា ត្រូវ​ដើរតួដូចជាឯកអគ្គរាជទូត

  • 2019-12-03 04:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានជួប​និស្សិតអាហារូបករណ៍​ចំនួន​៣៧នាក់ ដែលក្នុងនោះ​មាននិស្សិតអាហារូបករណ៍អូស្រ្តាលី ចំនួន២១ នាក់ និងនិស្សិតអាហារូបករណ៍ណូវែលហ្សេឡង់ ចំនួន១៦នាក់ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា នៅក្នុងការ​សំណេះសំណាលនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែង​ការអបអរសាទរដល់និស្សិតកម្ពុជា ដែល​បាន​ប្រឡង​និងមាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បីទទួល​អាហារូបករណ៍​ទៅសិក្សា​នៅប្រទេស​អូស្រ្តាលី និង​ណូវែលហ្សេឡង់។

លោកឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស គឺ៖

ទី១. អំពីការត្រៀមលក្ខណៈមុននិងទៅសិក្សានៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ ចេះស្វែងយល់ពីអាកាសធាតុ របៀបរបបរស់នៅ និងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសគេ ក៏ដូចជាភាសា។

ទី២. ពេលទៅដល់ធ្វើយ៉ាងណាត្រូវខិតខំសិក្សារៀនសូត្រ ទទួលទាំងចំណេះដឹង និងចំណេះធ្វើ ក៏ដូចជាបទពិសោធន៍ល្អៗ ដែលប្រទេសគេមាន ដើម្បីនាំយកមកបម្រើប្រទេសជាតិយើងវិញ និងចេះគ្រប់គ្រងខ្លួនឯងឲ្យបានល្អ។

ទី៣. និស្សិតដែលទៅរៀននៅបរទេសត្រូវតាំងចិត្តខ្លួនឯងថាជាខ្មែរ ការប្រតិបត្តិខ្លួនឯងនៅក្រៅប្រទេស គឺដើរតួដូចជាឯកអគ្គរាជទូត ធ្វើយ៉ាងណារក្សាកិត្តិយសនិងកេរ្តិ៍ឈ្មោះជាតិខ្មែរ ផ្សព្វផ្សាយភាពរុងរឿងរបស់ខ្មែរ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាវិស័យវប្បធម៌ និងវិស័យទេសចរណ៍ ជាពិសេសប្រាង្គប្រាសាទនានា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;