រដ្ឋមន្ត្រី ដាក់កំហិត​ឱ្យ​គិលានដ្ឋាន​តាម​សហគ្រាស​ត្រូវ​មាន​បរិក្ខារ​និង​ឱសថគ្រប់គ្រាន់

  • 2019-12-05 02:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រប់គិលានដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវធានាថាដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថ​ប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់ និង​ប្រកប​ដោយ​វិជ្ជាជីវៈ។ នេះជាសារអំពាវនាវរបស់ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅកាន់ម្ចាស់-និយោជកគ្រឹះស្ថាន សហគ្រាសទាំងឡាយនៅកម្ពុជា ក្នុង​ពិធី​បើក​សិក្ខាសាលា​ចែក​រំលែកបទពិសោធន៍ស្តីពី កា​រៀបចំ​គិលានដ្ឋាន សហគ្រាស គ្រឹះស្ថាននៅសណ្ឋាគារភ្នំពេញ កាល​ពី​​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ដើម្បីធានានូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស លោក រដ្ឋមន្ត្រី បាន​អំពាវនាវ​ដូចខាងក្រោម៖

ចំពោះនិយោជក៖

១. រៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានឱ្យបានសមស្រប និងត្រឹមត្រូវតាមវិធាន និង​បទ​ប្បញ្ញតិ្ត​ដែល​បាន​កំណត់ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសប្រកាសរួមលេខ៣៣០ និង ១៣៩។

២. ធានាថាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថ​ប្រើ​ប្រាស់​គ្រប់​គ្រាន់ និង​មានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់។

៣. ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឱ្យមានអនាម័យ និងសុវត្ថិភាព។

៤. រៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធាន​ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ហានិភ័យ​ទាំង​ឡាយ។

៥. ធានាថាកម្មករនិយោជិតទទួលបាន និងប្រើប្រាស់សម្ភារៈ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និង​ណែនាំឱ្យគាត់ថែរក្សាទុកដាក់សម្ភារឧបករណ៍ទាំងនោះឱ្យបានល្អ។

៦. ត្រូវអប់រំ និងពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែល​ចេញ​ដោយ​ស្ថាប័ន​មានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែល​ទាក់ទង​នឹង​សុវត្ថិភាព និងសុខភាព ការងាររបស់កម្មករនិយោជិត។

៧. ជូនដំណឹងពីជំងឺ និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឱ្យ​បាន​ទាន់ពេលវេលា និងធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័សតាមបែបបទ និង​នីតិវិធី​របស់​បេឡាជាតិរបបសន្តិសុខសង្គម។

ចំពោះកម្មករនិយោជិត៖ ត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយនូវវិធាន និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​សុខ​ភាព និង​សុវត្ថិភាព​ការងារ​ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុង​នាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល លោក អ៉ិត សំហេង បាន​ស្នើ​ភាគីនិយោជកចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុង​ការ​រៀប​ចំគិលាន​ដ្ឋាន និងសេវាសុខភាព និងសុវត្ថិភាព ដែល​ជា​សេចក្តី​ត្រូវ​ការ​របស់​កម្មករ​និយោជិត​នៅ​ក្នុង​សហគ្រាស គ្រឹះស្ថានរបស់ខ្លួន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;