រយៈពេល ១០ខែ ឆ្នាំ២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើងចំនួន ៧៦១លើក​

  • 2019-12-05 02:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ខែ ឆ្នាំ២០១៩ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ៣ខែធ្នូ នៅទីស្ដីការក្រសួង។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈពេល ១០ខែក្នុង ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៧៦១លើក ស្មើ​នឹង​២៨% បើ​ប្រៀបធៀបនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៨។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការបានឱ្យដឹងថា ទិសដៅបន្តរបស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរារចណ៍ផ្លូវគោក គឺបន្តយុទ្ធនាការចែកមួក បំពាក់​ផ្លាក​សញ្ញា បិទ​ចំណាំង​ផ្លាត ជួសជុល និងថែទាំផ្លូវ និងសកម្មភាព និងយុទ្ធនាការផ្សេងៗទៀត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

លើសពីនេះទៀត លោក ទេសរដ្ឋមន្ត្រីបានបន្តថា វិធានការមួយចំនួន ដូចជា៖ ការ​ដាក់​កាមេរ៉ា​តាម​ផ្លូវ​ដើម្បី​ចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ (នឹង​ត្រូវ​ពិន័យ​ដល់​ផ្ទះ ព្រមទាំងផ្សព្វផ្សាយតាមហ្វេសប៊ុកដើម្បីបង្ហាញពីឥរិយាបថអាក្រក់ក្នុងការបើកបរ) ការ​ល្បាត​ឆ្មក់​ពេល​យប់នៅតាមផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ងត៍់ (ជា​ពិសេស​រោង​ចក្រ​ស៊ីម៉ងត៍់ក្នុងខេត្តបាត់ដំបង) ការបិទយានដ្ឋានខុសច្បាប់ឱ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានោះដែរ លោក ទេសរដ្ឋមន្ត្រី​បាន​អំពាវ​នាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យក​រថយន្ត​ទៅ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូម​កុំខ្លាច​ប៉ូលិស ត្រូវ​ខ្លាច​ច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;