គម្រោង​កែ​ច្នៃ​សំណល់​ឧស្សាហកម្ម​ដំបូង​គេនៅកម្ពុជា​ចាប់​ផ្ដើម​ដំណើរការហើយ

  • 2019-12-06 02:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង ជីប ម៉ុង​ អេកូ​សាយ​ខល (Ecocycle) ដែលជាដំណោះស្រាយនៃការគ្រប់គ្រង​​​សំណល់​​ឧស្សាហកម្ម​ប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជារបស់ ដែលមានទីតាំងនៅស្រុកបន្ទាយមាស ​ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅពថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន។

រូបភាព៖ ក្រសួងបរិស្ថាន
គម្រោង ជីប ម៉ុង​ អេកូ​សាយ​ខល​ ដែលមានបទដ្ឋាន​ខ្ពស់បំពាក់ដោយឧបករណ៍ និងគ្រឿង ម៉ាស៊ីន​មកពីប្រទេសអាលឺ្លម៉ង់ និងប្រទេសចិន ដើម្បីជួយកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូន​កាបូនិច ដោយ​គោរព​តាមបទដ្ឋានបរិស្ថានកម្រិតជាតិ និង​អន្តរជាតិ។ លោក លាង ឃុន ម្ចាស់ភាគហ៊ុនធំនៃគម្រោង​នេះ បាន​គូស​បញ្ជាក់​ពី​គោល​បំណង​​និង​ដំណើរការ​​បង្កើត​​គម្រោង​​ ជីប ម៉ុង​ អេកូសាយខល នៅក្នុង​រោងចក្រ​​ផលិត​ស៊ីម៉ងត៍ ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើង​នៅ​ដើម​​ឆ្នាំ​ ២០១៩ បាន​ទទួលការគាំទ្រ​​​ពីក្រសួង​បរិស្ថាន​ តាមរយៈលិខិត​អនុញ្ញា​ត​ចុះថ្ងៃទី ១១ខែ​មេសាឆ្នាំ​២០១៩ ដែល​អនុញ្ញាត​អោយ​​ ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី «ប្រមូល​ ដឹកជញ្ជូន ស្តុកទុក និង ដុត​កំទេច​សំណល់​ឧស្សាហកម្ម»​។

លោក លាង ឃុន បានមានប្រសាសន៍ថា៖ «​យើង​បានចំណាយ​ប្រាក់​វិនិយោគ​អស់​ជាង ​​៤ លាន​ដុល្លារ​អាមេរិក​លើគម្រោង​នេះ​។​ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​ជាង ​១០នាក់ និង អ្នកម៉ៅការបន្ត​ជាង​៥០នាក់ និង​ បន្ត​បង្កើត​ឱកាស​ការងារបន្ថែម​ទៀត​នៅ​ពេល​ខាងមុខ​។ បច្ចុប្បន្ន​​គម្រោងនេះ​បាន​ធ្វើកិច្ចការផ្ទាល់ជាមួយ​តំបន់ សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញ និង​ ខេត្ត​ព្រះសីហនុ​។ ឡ​អេកូសាយខល មានសមត្ថភាពដុត​​កំទេច​សំណល់​​​​ឧស្សាហកម្ម​ក្នុងបរិមាណ​ ១០តោន​ក្នុងមួយម៉ោង ឬ ២៤០តោនក្នុង ១ថ្ងៃ ឬក៏​ ជាង ៧០០០ តោន​ក្នុង១ខែ»។

​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់​ចំពោះ​ក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំចូលនូវបច្ចេកវិទ្យាទំនើប ឆ្លើយតបនឹងបទដ្ឋានបរិស្ថាន។ លោក បានមានប្រសាសន៍ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ជីប​ម៉ុង​លើ​វិស័យ​ថ្មីៗ​ដូច​ជា​គម្រោង​ធ្វើការ​កែច្នៃ​សំណល់​នេះ ជាការចូលរួមលើកកម្ពស់បរិស្ថាន។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀតលើបញ្ហាសំរាម និង​លើកទឹកចិត្តក្រុមហ៊ុនដទៃទៀតអនុវត្តគោល ការណ៍បរិស្ថានដូចដែលក្រុមហ៊ុន ជីប ម៉ុង បាន​និង​កំពុង​ប្រតិបត្តិដែលប្រែក្លាយសំណល់ទៅជាផល ប្រយោជន៍សេដ្ឋកិច្ច។

សូមបញ្ជាក់ថា គម្រោងថ្មីនេះថិតនៅក្រោមដំបូល របស់ ក្រុម​ហ៊ុន​​ជីប​ម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នា​ក្នុង​ទឹកប្រាក់ ២៦២ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ​៦០% មកពីក្រុមហ៊ុន ជីប ម៉ុង​ ដែលជាក្រុមហ៊ុនក្នុងស្រុក​ដ៏​ធំមួយ និង​មាន​បទ​ពិសោធន៍​ជិត៤០ឆ្នាំ ក្នុងវិស័យ​សំណង់ និង វិស័យចែកចាយលើទីផ្សារ ​និង ៤០% ទៀត​មក​ពី​ក្រុមហ៊ុន​ស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) នៃ​ព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ ធំសម្បើម មានបទពិសោធន៍ជាង៥០ឆ្នាំ ក្នុងការផលិតស៊ីម៉ងត៍។

​គម្រោងនេះ អាចកែច្នៃកាកសំណល់ដែលមានគ្រោះថ្នាក់ និង មិន​មាន​គ្រោះ​ថ្នាក់ ដោយប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា “​ខូ-ប្រូសេសស៊ីង (co-processing)”។ “ខូ ប្រូសេសស៊ីង” គឺជាពាក្យបច្ចេកទេសប្រើសម្រាប់ការកំចាត់កាកសំណល់ ឧស្សាហកម្ម តាមរយៈ ការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ី​ម៉ងត៍ ដោយ​មិន​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​ណាមួយឡើយ។ បច្ចេកវិទ្យា “ខូ-ប្រូសេសស៊ីង” គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ទាំងអស់​ហើយត្រូវបានអនុម័តជាសកល សម្រាប់ ​ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម។

បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសល្អប្រសើរ​ជាង​​ការ​យក​កាក​សំណល់​ទៅ​ចាក់​ចោល​និង​ការយកទៅ​ដុត​ចោល​ធម្មតា ពីព្រោះវាផ្តល់នូវដំណោះ​ស្រាយពេញលេញ​ដោយ​មិន​បង្ក​ផល​ប៉ះ​ពាល់ដល់បរិស្ថាន។ បច្ចេកវិទ្យា “ខូ-ប្រូសេសស៊ីង” ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជោគជ័យ​នៅ​សហរដ្ឋអាមេរិក​ សហភាពអឺរ៉ុប និង ជប៉ុន អស់រយៈពេលជាង40ឆ្នាំ។ វាត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការអន្តរជាតិជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក និង អង្គការ (ជីធីហ្សិត) GTZ ក៏ដូចជាអនុសញ្ញា បាសែល (Basel) និង ស្តុកខុម (Stockholm)៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;