គណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ សរសើរ​ពី​ការ​ជួស​ជុល​ស្រះ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរ​វត្ត

  • 2019-12-06 03:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានវាយតម្លៃថា ការ​អនុវត្ត​គម្រោង​ជួស​ជុល​រចនាសម្ព័ន្ធ​ស្រះ​ទឹកខាងជើងនៃប្រាសាទអង្គរវត្ត គឺមានការស្រាវជ្រាវបានច្រើន ច្បាស់លាស់ រី​ឯ​ការ​ជួសជុលស្របតាមលក្ខណៈបច្ចេកទេស មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ផង។ ការវាយតម្លៃ បែបនេះ ធ្វើឡើង ក្នុង​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​នៃ​គណៈកម្មាធិការ​អាយ​ស៊ីស៊ី-អង្គរ ចុះ​តាម​ដាន​ការ អនុវត្ត​គម្រោង​ជួសជុល​រចនា​សម្ព័ន្ធ​ស្រះ​ទឹក​ខាង​ជើង​នៃ​ប្រាសាទ​អង្គរ​នៅ​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។

ប្រធាន​គម្រោងជួសជុលនៃការដ្ឋានស្រះទឹកខាងជើង លោក ស្រ៊ុន តិច មានប្រសាសន៍ថា វា​គឺ​ជា​មោទនភាព​ណាស់សម្រាប់អ្នកជំនាញខ្មែរ ដែលបានអនុវត្តន៍ការជួសជុល ស្រាវជ្រាវ ពង្រឹង រចនា​សម្ព័ន្ធ​សំណង់​ស្រះទឹកបានល្អប្រសើរ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិ រួម​ទាំង​ស្រប​តាម​បច្ចេកទេសដើម្បីយល់ពីរចនាសម្ព័ន្ធស្រះ បញ្ចៀសការបាត់បង់តម្លៃស្រះបុរាណ និង​រចនា​សម្ព័ន្ធ​ស្ថាបត្យកម្ម​ស្រះថែមទៀតនោះ។

អ្នកជំនាញ​ការអន្តរជាតិ​ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​ប្រវត្តិ​ស្រះ រួម​ទាំងពង្រីកការដ្ឋានជួសជុល និងការបិទមិនឱ្យទេសចរចូល ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ក្រុម​ការងារ​ស្រាវ​ជ្រាវ​និងជួសជុលបានងាយស្រួល។

លោក ស្រ៊ុន តិច ឱ្យដឹងទៀតថា គម្រោងជួសជុលស្រះខាងជើងរបស់អង្គរវត្ត ដែលបានចាប់ផ្ដើម អនុវត្ត​សាកល្បងលើប្រវែង ១៥ម៉ែត្រ និងចាប់ផ្តើមសិក្សា កំណាយស្រាវជ្រាវតាំង ពីខែមិនា ឆ្នាំ​២០១៩ មកដល់ពេលនេះ បានបញ្ចប់ទាំងស្រុងហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​រៀប​ចំ​លម្អ​មាត់​ស្រះ​ដោយ​ដាំស្មៅផង។

ក្រុម​អ្នកជំនាញឱ្យដឹងថា តាមគម្រោងទៅអនាគត ស្រះខាងជើងរបស់អង្គរវត្ត នឹង​ត្រូវ​ជួស​ជុល​ទាំង​ស្រុង​ឡើង​វិញ ដើម្បីទប់ស្កាត់ការខូចខាតនៃការហូរចូលអាចមន៍ដីមកកប់លើរចនាសម្ព័ន្ធស្រះ។ ស្រះ​ខាង​ជើង​នេះ កាលពីបុរាណគឺមាននាទីសំខាន់សម្រាប់បម្រើប្រយោជន៍ដល់ទេព រីឯ​បច្ចុប្បន្ន​គឺ​ជា​កន្លែង​ដែលមានទេសភាពស្អាត សម្រាប់​ភ្ញៀវ​ទេសចរ​ផ្តិត​យក​រូប​កំពូល​ប្រាសាទ​អង្គរវត្ត​ដែល​ចាំង​ឆ្លុះ​ក្នុង​ផ្ទៃទឹក៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;