Hyoyeon ទម្លាយពីរឿងពិបាក និងហេតុផលពេល​ញែកខ្លួនមកជា DJ ខុសពីសមាជិករួមក្រុម

  • 2019-12-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេល​ដែល​រម្លឹក​ពី​សមាជិក​ពូកែ​រាំ​ដាច់គេ​ប្រចាំ​ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី​ Girls' Generation នោះ​គេ​នឹង​នឹក​ដល់​ Hyoyeon មុន​គេ ប៉ុន្តែ​ជីវិត​មនុស្ស​មិនអាច​នៅ​មួយ​កន្លែង​ឡើយ ហេតុនេះ​នាង​បាន​សម្រេច​ក្ដី​ស្រម៉ៃ​មួយ​ទៀត​ គឺបាន​វិវត្ត​ខ្លួន​មក​ជា DJ។

Hyoyeon ដែល​ពេល​នេះ​អាច​ហៅ​ថា​ជា DJ HYO ជា​សមាជិក​ដែល​ស្វាហាប់​ និង​ប្រសព្វ​ខាង​បញ្ចេញ​ក្បាច់​រាំ​ប្រចាំក្រុម​ចម្រៀង​ Girls' Generation។ បង្ហាញ​មុខ​លើ​វិថី​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៧ មក​ទល់​ពេល​នេះ​ នាង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ ហើយ​បន្ទាប់​ពី​ជោគជ័យ​ខាង​វិស័យ​ K-Pop នាង​ក៏​បាន​ប្រឡូក​ក្នុង​វិស័យ​ DJ ម្ដង ស្របពេល​សមាជិក​រួម​ក្រុម​ផ្សេង​ទៀត​ងាក​ទៅរក​​សម្ដែង​ និង​ចេញ​បទ​ចម្រៀងទោលរៀងៗខ្លួន។

ជាក់ស្ដែង​ ប្រែមុខ​មាត់​ថ្មី​នេះ​ ក៏​កាន់​តែ​ធ្វើ​ឲ្យ​ Hyoyeon រវល់​ថែម​មួយកម្រិត។ នាង​បាន​បង្ហាញ​ខ្លួន​សម្ដែង​ក្នុង​កម្មវិធី​ជា​ច្រើន​ក្នុង​ក្លឹប​ សុទ្ធ​តែធំៗ​ប្រចាំ​អាស៊ី ក៏ដូចជាកម្មវិធី​ EDM លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រាប់ភ្លេច។

និយាយ​ពី​ភាព​លំបាក​វិញ​ Hyoyeon ក៏​បាន​បង្ហើប​ក្នុង​បទសម្ភាស​មួយ​ថា​ វា​ពិត​ជា​ត្រូវតស៊ូ​ពុះពារ​ច្រើន​ ព្រោះ​ថា​នេះ​ជា​ការងារ​ទោល​ មិន​មាន​ការ​ចូលរួមពីសមាជិក​ Girls' Generation ដទៃទៀត។ ហេតុនេះ​ នាង​មាន​សម្ពាធ​ និងទំនួលខុសត្រូវច្រើន​តែម្នាក់​ឯង ប៉ុន្តែ​យ៉ាង​ណា​វា​ជា​បទពិសោធន៍​ធំ​ដេលធ្វើ​ឲ្យ​ជីវិត​កាន់​តែ​មាន​ន័យ។

មួយ​វិញ​ទៀត​ អ្វី​ដែល​ជម្រុញ​នាង​ឲ្យ​ក្លាយ​ជា​ DJ គឺដោយសារ​ជា​អ្វី​ដែល​នាង​ចាប់អារម្មណ៍​ ក្រោយពី​ប្រឡូក​ក្នុង​វិស័យ​តន្ត្រីជា​ច្រើន​ឆ្នាំ ក្នុងនាម​តារា K-Pop។ Hyoyeon ចាប់​ផ្ដើម​ស្ដាប់​បទ​ប្រភេទ EDM ហើយ​ចេះ​តែស្រម៉ៃ​ថា​ថ្ងៃ​ណា​មួយ នាង​នឹង​ចង់​ក្លាយជា​ DJ ឈរ​លេង​ភ្លេង​ឡូយៗទៅកាន់​អ្នក​ទស្សនា។

ងាក​ទៅសមាជិក​រួម​ក្រុម​វិញ សុទ្ធតែផ្ដល់​កម្លាំង​ចិត្ត និង​គាំទ្រ​​ Hyoyeon ឲ្យ​ក្លាយ​ DJ ដោយសារ​មើល​ឃើញពី​ទេពកោសល្យ​ខុសគេរបស់​នាង។

យ៉ាងណា​មិញ​ នៅ​ថ្ងៃទី ១៤ ខែធ្នូ​ខាង​មុខ DJ HYO នឹង​មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​បង្អស់​ ក្នុង​នាម​ជា DJ ដើម្បី​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធីអបអរខួប​គម្រប់ ២ឆ្នាំរបស់​ សោនក្លឹប (SOUND CLUB)។ កម្មវិធី​នេះ​ផងដែរ ក៏​មាន​ការ​សហការ​របស់ Sabay ផងដែរ ហើយ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍អស្ចារ្យ​នេះ​ អ្នក​អាច​ទាក់ទង​កក់សំបុត្រ​តាម​រយៈទូរសព្ទនេះ ០១១ ៤៨ ៦៦៦៦ | ០១៥ ៤៨ ៦៦៦៦៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;