សម្ដេច ហ៊ុន សែន៖ មន្ទីរ​ពេទ្យ​កម្ពុជា​មាន​សមត្ថភាព​ព្យាបាល​ដោះ​ដូរ​ក្រលៀនបាន

  • 2019-12-16 04:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ​បាន​ដឹង​អំពី​សមត្ថភាព​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា (មន្ទីរពេទ្យទាហាន) ដែលអាចព្យាបាល និងដោះដូរក្រលៀន (គ្រឿងក្នុង) និង​សរីរាង្គ​មួយ​ចំនួន​បាន ដោយមិនចាំបាច់ចំណាយថវិកាច្រើនចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។ ការ​ថ្លែង​បែប​នេះ​ធ្វល​ឡើង នៅ​ក្នុង​ឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល ចំនួន ២ ៥៨៨ នាក់ នៅកោះពេជ្យ នៅ​ថ្ងៃ​ទី ១៦ ធ្នូ ២០១៩។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
ការដូរក្រលៀន ឬសរីរាង្គក្នុងមួយចំនួននៅពេលនេះ គឺអាចធ្វើបានប្រកបដោយសុវត្ថិភាព នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា (ពេទ្យទាហាន)។ សម្តេច បាន​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ដែល​កំពុង​ជួប​បញ្ហា​ដូរ​ក្រលៀន​កុំ​អស់សង្ឃឹម​ឲ្យ​សោះ ទោះ​បីគ្មានប្រាក់ គឺឲ្យតែមានសាច់ញាតិបងប្អូនកូនចៅ ឬ​គ្រួសារ​អ្នក​ជំងឺ​មាន​ក្រលៀន​ប្រភេទដូចគ្នាគឺអាចមកពិភាក្សា ព្យាបាល​និង​ដោះ​ដូរ​នៅ​មន្ទីរ​ពេទ្យ​នេះ​បាន​ដែល​មាន​គុណភាពល្អដូចមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះដែរ សម្តេច បាន​ហាម​ឃាត់​ដាច់​ខាតចំពោះអំពើជួញដូរក្រលៀន និង​គ្រឿង​ក្នុង​មនុស្ស​ដោយ​ខុស​ច្បាប់​ដែល​នឹង​ត្រូវ​ផ្តន្ទារ​ទោស​យ៉ាង​ធ្ងន់ធ្ងរមិនលើកលែងឡើយ។

សម្តេច ហ៊ុន សែន ក៏​បានលើកទឹកចិត្ត និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ឲ្យកាន់​តែ​មាន​គុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បី​ឲ្យ​សក្តិសម​ជា​កន្លែង​ព្យាបាល​របស់​ជាតិ​ក្នុង​ការ​បម្រើ​សេវា​សុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;