ដើមឈើ​ខូច និង​មាន​ហានិភ័យ​នៅ​ប្រាសាទ​ព្រះ​ខ័ន​នឹង​ត្រូវ​កាត់​ចេញ

  • 2019-12-16 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមកាត់ក្រីមែកឈើ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចុះកាត់ក្រីមែកឈើ និងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់មួយចំនួន ស្ថិត​នៅ​បរិវេណ​ប្រាសាទ​ព្រះខ័ន តាម​ផ្លូវចូលមុខរានហាលខាងជើង។

ដើម​ឈើទាំងនោះរួមមាន កាត់​ដកហូតដើមស្រឡៅងាប់ ២ដើម មានអង្កត់ផ្ចិតទំហំ១១០ ស.ម កម្ពស់ ប្រហែល ៣៦ម៉ែត្រ ដុះ​ជាប់ផ្លូវ និងនៅមុខរានហាលខាងជើង។ ដើមខ្នុរព្រៃងាប់ អង្កត់​ផ្ចិត​ទំហំ​៦០ ស.ម កម្ពស់ ប្រហែល ៣៦ម៉ែត្រ ដុះ​ក្បែរ​កំពែងប្រាសាទផ្នែកខាងជើង។ កាត់ក្រី​មែក​ដើម​ខ្នុរព្រៃរស់ចំនួន ១ដើម មានអង្កត់ផ្ចិតទំហំ៥០ ស.ម កម្ពស់ ប្រហែល១៨ម៉ែត្រ ដុះ​ជាប់​ផ្លូវ​ច្រក​ចូល​ខាង​ជើង​ខាងក្រៅកំពែង។

បន្ថែមពីនេះ ក្រុមការងារកាត់ក្រីមែកឈើក៏បានពិនិត្យស្ថានភាពដើមឈើដុះទ្រេតជាប់ផ្លូវ មាន​មែក​សាខា​និង​មានវល្លិ៍ច្រើនដុះគ្រប មានប្រព័ន្ធឬសខ្សោយ សណ្ឋានដីជ្រាយមិនហាប់ណែន ដែល​អាច​បង្ក​ហានិភ័យ​ទៅថ្ងៃមុខផងដែរ។ ក្នុងនោះបានកាត់ចេញពាក់កណ្តាលដើមស្រឡៅចំនួន ១ដើម​អង្កត់​ផ្ចិតទំហំ១០០ ស.ម កម្ពស់ ប្រហែល ៣០ម៉ែត្រ និង​ដើម​ឈើ​មួយ​ចំនួន​ទៀត​ដែល​មាន​ស្ថាន​ភាព​ដើមដុះទ្រេត ជាប់​ផ្លូវ នៅមុខរានហាលខាងជើង មានប្រព័ន្ធឬសខ្សោយ(មានជំងឺ) តួ​ដើម​មាន​ប្រហោង​ក្នុង និងប្រេះ។

ក្រុមការងារនៃនាយកដ្ឋានព្រៃឈើ បានចាប់ផ្តើមចុះអនុវត្តការងារនេះ​កាល​ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រហូត​ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃកិច្ចការទាំងនេះ គឺដើម្បីបង្ការ និង​បញ្ចៀស​គ្រោះ​ថ្នាក់​ទុក​ជាមុន ជៀសវាងបាក់ដួលរលំ ប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែល​មក​ទស្សនាប្រាសាទព្រះខ័ន និងកុំឱ្យបាក់ខូចខាតប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទជាដើម៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;