រដ្ឋមន្ត្រី ក្រសួងការពារជាតិ កម្ពុជា​នឹង​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី១៨ ដល់ ២២ ខែធ្នូ នេះ

  • 2019-12-17 02:14:48
  • ចំនួនមតិ 3 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃ​ព្រះ​រាជា​ណាចក្រ កម្ពុជា នឹង​ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម តប​តាមការអញ្ជើញ​របស់លោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​​នៃ​សាធារណរដ្ឋ​សង្គម​និយមវៀតណាម។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសូង​ការពារ​ជាតិ កាល​ពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ក្នុង​សេចក្ដី​ប្រកាស​នេះ​​បាន​បន្ត​ថា ក្នុង​អំឡុង​ពេល​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល ៥ថ្ងៃ​ក្នុង​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ព្រម​ទាំង​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ នឹង​អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ង៉ូ ស៊ុន​លិច្ស រដ្ឋ​មន្ត្រីក្រសួងការពារប្រទេសវៀត​ណាម និង​ចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ឆ្នាំ​២០២០-២០២៤ និង​ផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាង​ក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

បន្ទាប់​មក​គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដឹក​នាំដោយ​សម្តេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-វៀតណាម-ឡាវ និង​ចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃ​បង្កើត​កងទ័ព​ប្រជាជន​វៀតណាម នៅ​ទី​ស្តី​ការក្រសួងការពារប្រទេសវៀតណាម ក្នុងរដ្ឋធានីហាណូយ៕

អត្ថបទ៖ កុសល

;