ស្ថាប័ន NRC ស្វែងរកកិច្ចសហការ និង​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បីជំរុញ​​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍

  • 2019-12-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង់ ពៅ អគ្គនាយក​នៃអាជ្ញាធរជាតិអប្សរា និងលោក Kim Yi Gyo ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ស្រាវ​ជ្រាវ​នៃ​ស្ថាប័ន​ក្រុម​ប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្ស​សាស្ត្រ និងវិទ្យាសាស្ត្រ​សង្គម (NRC) នៃ​ប្រទេសកូរ៉េខាងត្បូង បាន​ជួប​ជជែក​ពិភាក្សា​ការងារ​ទូទៅ និង​ស្វែង​យល់​អំពីនៃកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ដើម្បី​ស្វែង​រក​ចំណុច​រួម​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​លើ ៣ចំណុចរួមមាន ការផ្សព្វផ្សាយ ការផ្លាស់ប្តូរ​បទពិសោធន៍​របស់​អ្នក​ជំនាញ​នៃ​ស្ថាប័នទាំងពីរ និង​ការបណ្តុះបណ្តាលធនធានមនុស្សរវាងស្ថាប័នទាំងពីរនាពេលអនាគត។ កិច្ចពិភាក្សានេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា។

នៅ​ក្នុង​ជំនួប​នេះ លោក Kim Yi Gyo បាន​ផ្ដល់​យោបល់​មួយ​ចំនួន​នូវ​ចំណុច​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេលបច្ចុប្បន្ន​នេះ លោក​មើល​ឃើញ​ចំណុច​ជា​ចម្បង​គឺ​ការ​ផ្សព្វផ្សាយ ដែល​មិន​បាន​ទូលំទូលាយនៅឡើយ ដែល​ផ្ទុយ​ពី​ប្រទេស​ដែល​ផលិត​ផល​នៃ​ការ​ផ្សព្វផ្សាយ​បានក្លាយជារបស់មួយថ្មីដែលមានការទទួលស្គាល់ទូទាំងពិភពលោក។ លោកសង្ឃឹមថា ស្ថាប័ន(NRC) នឹង​មាន​ឱកាស​សាជាថ្មី​ដើម្បី​ផ្តល់​ជាគំនិត​ចែក​រំលែក​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​បន្ត​ភាព​អភិវឌ្ឍន៍​ជាមួយគ្នាទៅមុខ។

លោក ហង់ ពៅ បាន​មាន​ប្រាសាសន៍​ថា ប្រទេស​កម្ពុជា​មានសម្បត្តិវប្បធម៌អស្ចារ្យជាច្រើន ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​នៅ​មាន​ការខ្វះខាត សូម្បី​តែអាជ្ញាធរជាតិអប្សរា ការងារសម្រេចបានយ៉ាងច្រើន តែ​ផ្ទុយ​ទៅ​វិញ​ការ​ផ្សព្វផ្សាយមិនបានទូលំទូលាយនៅឡើយ ដូច្នេះ មើល​ទៅ​ហាក់​បី​ដូច​ជា​ស្ថានប័ន​នេះ​មិន​មាន​សកម្មភាព​អ្វីសោះ។

លោក​បញ្ជាក់ថា ទោះ​បីជាអាជ្ញាធរជាតិអប្សរាជាស្ថាប័នអភិរក្ស និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់​រមណីយដ្ឋានអង្គរ តែ​ក៏​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​អាច​ទទួល​យក​នូវ​ទំនាក់ទំនង​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដែលជាបេសកម្មដ៏ធំរបស់ស្ថាប័ន(NRC)។ លោក​ក៏​បាន​បន្តថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ រីឯធនធានមនុស្សនៅមានកម្រិត ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ស្ថាប័ន​បណ្ដុះបណ្ដាល​ធនធានមនុស្ស​អនុវត្ត​តាម​ការ​ដ្ឋាន​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។ លោកសង្ឃឹមថា នាពេល​អនាគត​អាច​នឹង​មាន​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការសហប្រតិបត្តិការ​រវាង​ស្ថាប័ន (NRC) និងអាជ្ញាធរជាតិអប្សរា ដើម្បី​ធ្វើ​កិច្ចការរួមគ្នាសម្រាប់ពិពភលោក៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា​

អត្ថបទថ្មី
;