សម្តេច ស ខេង ប្រកាស​ចាប់​ជន​ណា​ដែល​ស្លៀកពាក់​បន្លំ​ខ្លួន​ជាសមត្ថកិច្ច

  • 2019-12-18 06:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជន​ណា​ដែល​ស្លៀក​ពាក់​បន្លំខ្លួនជាសមត្ថកិច្ច ត្រូវចាប់យកមកផ្តន្ទាទោសតាមច្បាប់។ ដោយ​សម្តេច​ក្រឡា​ហោម បញ្ជាក់យ៉ាងដូច្នេះថា " អត់មានអីពិបាកទេ កាល​ណា​យើង​ចាប់​បាន​ផ្ដន្ទា​ទោស​តាមច្បាប់"។

ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង នៅ​ក្រៅ​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ​ស្ដី​ពី​មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង​អនុក្រឹត្យ​ស្តីពី​ការ​ប្រគល់​មុខងារ​គ្រប់​គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅ​ទីស្តីការក្រសួងមហាផ្ទៃ។

បញ្ជាក់​ដែរ​ថា នាពេលថ្មីៗ​កន្លងមកនេះ មានករណីក្រុមជនស្លៀកពាក់ស៊ីវិល បាន​ធ្វើ​សកម្មភាព​ចាប់​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរតាមដងផ្លូវនៅពេលយប់វាយធ្វើបាប ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន ឬករណីអ្វីផ្សេង តែពេលចាប់ត្រួតពិនិត្យមិនពាក់ព័ន្ធគេ​ក៏ដោះ​លែងវិញ តែ​ទម្រាំ​ដោះ​លែង​វ៉ៃ​ទ្រោមខ្លួន។ រហូតមានករណីខ្លះទារលុយថែមទៀតផង។

ចំពោះករណីនេះ ប្រជាពលរដ្ឋទទូចសូម​ឲ្យ​សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យមើលករពីនេះ។ ព្រោះ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ក្រុម​ស៊ីវិល​ចាប់​ធ្វើ​បាប៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;