លោក ហ៊ុន ម៉ាណែត ប្រាប់​បេក្ខជន​ប្រឡង​នាយ​ទាហាន​កុំ​ចាញ់​បោក​អ្នក​រត់ការ​ឲ្យ​ជាប់

  • 2019-12-23 02:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក អញ្ជើញ​បើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ កាល​ពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ គឺ​នៅ​វិទ្យាល័យ​បាក់ទូក។

លោក​បានបញ្ជាក់ថា បេក្ខជនដាក់ពាក្យប្រឡងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ មាន​ចំនួន ៨០០០នាក់ ជ្រើស​រើស​យកចំនួន ៦២០នាក់ ។ លោក​ក៏​បាន​អរគុណយុវជន យុវតី ដែល​បាន​ដាក់​ពាក្យ​ប្រឡងចូលនាយទាហានដើម្បីបម្រើជាតិ មាតុភូមិ។ ដើម្បី​ប្រឡង​ជាប់​បេក្ខជន​ត្រូវ​ខិតខំ​ប្រឡង​ដោយ​ខ្លួនឯង។

លោកបានបន្តថា គោលការណ៍របស់ក្រសួងការពារជាតិ អគ្គ​បញ្ជា​ការ គឺ​ត្រូវធ្វើយ៉ាងណាឲ្យការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ មានតម្លាភាព និងយុត្តិធម៌។ អ្នកចេះ គឺជាប់ ហើយ​អ្នក​ជាប់​ដោយ​មោទនភាព​ខ្លួន​ឯង។ កុំរកអ្នកជួយអន្តរាគមន៍​ឲ្យប្រឡងជាប់ គឺអត់មានទេ។ ហើយ​បើ​មាន​អ្នក​ធានា​រត់​ការ​ឲ្យ​ជាប់​ត្រូវ​រាយការណ៍​មក ដើម្បី​ចាត់វិធានការ ហើយកុំចាញ់បោកគេ (ពួកស៊ីឡាក់)។

សូមជម្រាបថា ការជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ គឺ​មាន​វគ្គនាយ​ទាហាន​សកម្ម​ជំនាន់​ទី២៤ វគ្គកងទ័ពជើងគោកជំនាន់ទី១២ និងវគ្គនាយទាហាមបច្ចេកទេស។

ការ​ប្រឡងរបស់បេក្ខ ជននិងបេក្ខនារីប្រព្រឹត្តទៅ​តាមមណ្ឌល​ដែលគេបានដាក់ពាក្យប្រលង ក្នុង​នោះ​រួម​មាន​នៅរាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក, នៅយោធភូមិភាគ១ នៅវិទ្យាល័យហ៊ុនសែន ស្ទឹង​ត្រែង, នៅយោធភូមិភាគ២ នៅមជ្ឈ មណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, នៅ​យោធ​ភូមិភាគ​៣ នៅ​វិទ្យាល័យជាស៊ីមតាកែវ, នៅយោធភូមិភាគ៤ នៅវិទ្យាល័យអង្គរខេត្តសៀមរាប និង​នៅ​យោធ​ភូមិ​ភាគ​៥ នៅវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;