រឿង ២​យ៉ាង​របស់​ប្រជាជន​ជប៉ុន​ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ម្នាក់​ចាប់​អារម្មណ៍​ខ្លាំង

  • 2019-12-23 04:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឌួង កុលវាសនា និស្សិត​ជាប់​អាហារូបករណ៍ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​ពី​អារម្មណ៍​ពេល​​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេសជប៉ុន​ថា «តែង​តែ​ជា​ក្ដីស្រមៃរបស់ខ្ញុំតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ ហើយ​ពេល​នេះខ្ញុំបានមកសិក្សានៅទីនេះ ក៏ដោយសារតែអាហារូបករណ៏របស់ប្រទេសជប៉ុន ដែល​មាន​ឈ្មោះថា Mext Scholarship។ ការមករស់នៅទីនេះតែម្នាក់ឯង ឆ្ងាយពីក្រុមគ្រួសារនិងមិត្តភក្តិ មាន​ការលំបាកក៏ពិតមែន ប៉ុន្តែវាបានផ្ដល់ឱកាសឱ្យខ្ញុំ ប្រកួតប្រជែងនឹងខ្លួនឯង និង​បង្កើត​មិត្ត​ភាព​ថ្មីៗ​ថែម​ទៀត»។

លោក ឌួង កុលវាសនា «ថា​នៅ​ពេលដែលខ្ញុំមកដល់ទីក្រុងតូក្យូភ្លាម អ្វីៗគ្រប់យ៉ាងវាប្លែកខ្លាំង ហើយ​ខ្ញុំ​ត្រូវ​ការ​ពេល​ពីរ​ទៅបីខែ ដើម្បី​សម្របខ្លួនតាមបរិយាកាសរស់នៅ ដ៏ថ្មីមួយនេះ»។ មាន​រឿង​ពីរ​យ៉ាង​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ពី ប្រទេសជប៉ុនគឺ ទីមួយ​ជន​ជាតិ​ជប៉ុន​គឺ​ជា​មនុស្ស​ដែល​ខិត​ខំ​ធ្វើការ​ខ្លាំង ហើយ​ពួក​គេ​មាន​ការ​គោរព​គ្នា​ទៅវិញទៅមក ទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ រឿង​ទីពីរ​នោះគឺ ការ​ធ្វើ​ដំណើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​នៅ​ក្នុងទីក្រុងតូក្យូ

លោក​បន្ត​ថា វាមានភាពងាយស្រួលនិងធានាសុវត្ថិភាព មិន​ថា​ធ្វើ​ដំណើរ​តាម​រថភ្លើង​ឬ​ក៏​រថយន្ត​ក្រុង យើង​អាចជិះវាបានសឹងតែពីគ្រប់ទីកន្លែង នៅក្នុងទីក្រុងដ៏ធំមួយនេះ។ បន្ថែមពីលើនេះ រដ្ឋា​ភិបាល​ជប៉ុន​បាន​ធ្វើឱ្យកាន់តែងាយស្រួលថែមទៀត សម្រាប់សិស្ស និស្សិត និងអ្នកធ្វើការ ដោយ​ផ្ដល់​តម្លៃ​សមរម្យ​ជាងមុនសម្រាប់ពួកគេ។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​លោក​កំពុងសិក្សាភាសាជប៉ុន នៅសាលាភាសាមួយដែលស្ថិតនៅក្នុង ទីក្រុងតូក្យូ។ លោក​គ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទាំងអស់ តែង​តែ​ជួយ​គាំ​ទ្រ​មិន​ថា​លោក​មាន​បញ្ហា​អ្វី​ក៏​ដោយ។ ភាសា​ជប៉ុន​គឺ​ជា​ភាសា​មូយ​ដែលពិបាករៀន ប៉ុន្តែរៀនវាជាមួយនិងពួកគេ បាន​ធ្វើ​ឲ្យ​ដំណើរ​រៀន​មួយ​នេះ​ប្រែ​ក្លាយ​ទៅ​ជា​សប្បាយ និង​មិនសូវពិបាកដូចមុន។ ក្រៅពីនេះ កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​នេះ​​បាន​ចូល​រួម​កម្មវិធី​ផ្លាស់​ប្ដូរ ជាមួយ​នឹងក្រុមគ្រួសារជនជាតិជប៉ុន ហើយ​ពួក​គេ​បាន​ផ្ដល់​ការ​ស្នាក់​នៅ​ដ៏​ល្អ​មួយសម្រាប់​លោក និង​ធ្វើ​ឲ្យ​លោក​មានអារម្មណ៍ថាដូចជាសមាជិកក្រុមគ្រួសារម្នាក់ផងដែរ។

លោក​ក៏​បាន​បញ្ជាក់​ថា ពួកគេហាក់ដូចជាមានចំណាប់អារម្មណ៏ខ្លាំង និង​ចង់​ដឹង​ថែម​ទៀត​អំពី​វប្បធម៌​របស់​ប្រទេស​ដទៃ​ទៀត ហើយ​ពួក​យើង​បាន​ជជែក​លេងជាមួយគ្នា និង​ចែក​រំលែក​អំពី​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ច្រើន។ ក្នុងអំឡុងពេលនេះ ខ្ញុំបានស្វែងយល់បន្ថែមអំពីវប្បធម៌ជប៉ុន និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជន​ជាតិ​ជប៉ុន ដែលជាអ្វីដែលខ្ញុំមិនអាចរៀនពីសាលាបាន ។

សរុប​សេចក្ដីមក​លោក​បាន​ប្រាប់​ថា ការរស់នៅក្នុងប្រទេសជប៉ុន គឺជាបទពិសោធន៍មួយថ្មី ដែល​លំ​បាក និង​សប្បាយ​ក្នុង​ពេល​តែមួយ ហើយ​ខ្ញុំ​នឹង​រង់​ចាំ​មើល​ថា​មាន​អ្វី​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ទៀត៕

រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;