លោក ថោង ខុន៖ គ្រប់​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​បញ្ចូល​សកម្មភាព​ទេសចរណ៍

  • 2019-12-26 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់អភិបាលខេត្តកំពង់ធំ មន្ទីរ-អង្គភាព​ជំនាញ​នានា​ជុំវិញខេត្ត ត្រូវ​តែ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ដែលមានការទទួលខុសត្រូវ ឬ​សកម្ម​ភាព​អេកូ​ទេសចរណ៍​ទៅ​ក្នុង​តំបន់​ការពារ ដើម្បី​ផ្ដល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ ទើប​ពួក​គាត់​បញ្ឈប់​ការ​កាប់ព្រៃ​ឈើ ឬ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​នោះ។ ការ​លើក​ឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី២ ឆ្នាំ២០១៩ និង​ទិស​ដៅ​អនុវត្ត​បន្តនៅឆ្នាំ២០២០ របស់​ក្រុមការងារថ្នាក់ជាតិចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់ធំ កាលពី​ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅ​សាលា​ខេត្ត​កំពង់ធំ។

លោក ថោង ខុន ក៏​បាន​ណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី​បន្ត​ដំណើរការអនុវត្ត​ការងាររបស់ក្រុមការងារថ្នាក់ជាតិឲ្យបានរលូនមានប្រសិទ្ធភាព និង​និរន្តរភាព ក្នុង​នោះ​រួម​មាន៖

១៖ ជំរុញអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្តីពី​ការចាត់វិធានការថែរក្សាទឹកទុកឲ្យមានប្រសិទ្ធភាពខ្ពស់។

២៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្រុកនីមួយៗ ត្រូវរៀបចំផែនការសកម្មភាព របៀបរបប​ការងារ កិច្ចប្រជុំផ្ទៃក្នុង និងការចុះរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានឲ្យបានច្បាស់លាស់។

៣៖ បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់ជាអាទិភាព រួមមាន៖ ការងារ​ឆ្វៀល​ដី​នៅ​តំបន់​៣ តំបន់២ ដីតំបន់អភិរក្សសត្វខ្សឹប ការងារ​ឆ្វៀល​ដី​ចេញ​ពី​សារ​ពើភណ្ឌ​របស់​មន្ទីរ​អង្គភាព​ជូន​ប្រជាពលរដ្ឋ បញ្ហាដីប្រជាពលរដ្ឋរស់នៅតំបន់រណបនៃតំបន់ប្រាសាទសំបូរព្រៃគុក។

៤៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មាន​តម្លា​ភាព និង​គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ខេត្តកំពង់ធំគួររៀបចំអោយមានការបូកសរុប ដោយ​ឡែក​មួយ ស្តីអំពីសេវាសាធារណះ ។

៥៖ បន្តពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាម​រយៈ​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ-ឃុំមានសុវត្ថិភាព។

៦៖ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។

៧៖ បន្តចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាម​រយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និង​ការ​រៀបចំ​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន។

៨៖ ពង្រឹងយន្ដការទំនាក់ទំនង និងការចូលកៀកជាមួយប្រជាពលរដ្ឋ ដើម្បី​ក្ដាប់​បាន​នូវ​សភាព​ការណ៍ ក្តាប់សតិអារម្មណ៍ និងពង្រឹងស្មារតីរបស់គាត់ កុំឲ្យងាយចាញ់បោកការញុះញុង ការ​បោក​ប្រាស់ ការបំផ្លើស និងល្បិចកលផ្សេងៗរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិផ្សេងៗ។

៩៖ បន្តខិតខំលប់បំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានាដែលប៉ះពាល់ដល់សតិអារម្មណ៍ និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

១០៖ បន្តខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម សំដៅ​បង្កើន​ភាព​ជឿជាក់​ទុក​ចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។

លោក បានលើកឡើងថាចង់ធ្វើឱ្យខេត្តកំពង់ធំក្លាយជាខេត្តគំរូលើផ្នែកអនាម័យ បរិស្ថាន ពិសេស​នៅ​តាម​ទីផ្សារនានាក្នុងខេត្តនេះត្រូវតែមានអនាម័យស្អាត បរិស្ថានស្អាត មានសណ្ដាប់ធ្នាប់ល្អ គួរ​ជា​ទី​ទាក់​ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ។

នៅមានបញ្ហាជាច្រើនទៀត ដែលក្រុមការងារថ្នាក់ជាតិចាំបាច់ត្រូវរួមគ្នាអនុវត្តបន្តបន្ទាប់ទៀត ហើយ​លោករដ្ឋមន្ត្រីក៏បានកំណត់ថា ត្រូវមានការប្រជុំបូកសរុបការងារជាមួយគ្នារៀង រាល់ ៣ខែម្ដង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;