ទូតទីម័រ​ពិនិត្យ​ឃើញថា កម្ពុជា​ ជា​ប្រទេស​គំរូ​អាចដកស្រង់​បទពិសោធន៍បាន

  • 2019-12-30 06:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី​ ហ្វេ​លី​ស៊ី​ដា​ដេ ដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត បាន​ពិនិត្យ​ឃើញថា កម្ពុជា​គឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ហើយយកបទពិសោធន៍នោះដើម្បីជាការរៀនសូត្រផងនិងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀតផង។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០១៩ នៅវិមាន​សន្តិភាព។

លោកស្រីបានឃើញសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជា បានជំរុញការអភិវឌ្ឍរបស់កម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លើសពីនោះទៅទៀត កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាពលរដ្ឋរីករាយស្រស់ថ្លាហើយភាពស្រស់ថ្លានេះ ជាមួយនឹងសុខសន្តិភាព សុវត្ថិភាពនេះឯងដែលមានការទាក់ទាញសម្រាប់អ្នកទេសចរមកទស្សនានៅកម្ពុជា មកវិនិយោគនៅកម្ពុជា ហើយជាងនេះទៅទៀត កត្តាសុវត្ថិភាពនេះឯងគឺជាកត្តាទាក់ទាញជាទីបំផុត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍដែលចាំបាច់ប្រទេសទាំងពីរ អាចចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមក គឺកម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើតក៏មានបទពិសោធន៍សម្រាប់ចែកជូនមកកម្ពុជាវិញផងដែរ។ អ្វីដែលជាកត្តាសំខាន់នោះគឺប្រទេសទាំងពីរ​ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលបាននូវផលប្រយោជន៍រួមផង និងទាំងសងខាងផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវក្តីរីករាយដោយមានសិស្សទីម័រខាងកើតជាច្រើនបានមកសិក្សានៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រសាសន៍ថាកម្ពុជាចង់ឲ្យមាននិស្សិតបរទេសច្រើនមកសិក្សានៅកម្ពុជា ទីមួយគឺការចែករំលែកនូវចំណេះដឹងរវាងនិស្សិត និងនិស្សិតទីពីរ គឺដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;