អាជ្ញាធរ បូម​ទឹក​បំពេញ​ស្រះ​ប្រាសាទ​អង្គរវត្ត​ដើម្បី​បង្កើន​ភាពទាក់ទាញ

  • 2019-12-30 08:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និង​ឆាប់​រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរជាតិ​អប្សរា​បាន​ចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។

ក្រុម​ការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បាន​ចាប់​ផ្តើម​បូម​បញ្ចូល​ទឹក​ក្នុង​ស្រះខាងត្បូង​អង្គរ​ចាប់​ពី​ថ្ងៃ​ទី២៧ ខែធ្នូមក។ ការងារនេះនឹងប្រើពេលប្រមាណ ១០ថ្ងៃ ដោយ​យក​ទឹក​ពី​កសិន្ធុ​អង្គរវត្ត។ ជា​រៀង​រាល់​ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាខ្លី ហើយ​អាកាស​ធាតុ​ក្ដៅ​ជាង​រាល់​ឆ្នាំ​បាន​ធ្វើ​ឱ្យ​ទឹក​ក្នុង​ស្រះ​នេះ​ឆាប់​ស្រក​ដល់​កម្រិត​ដែល​ត្រូវ​ដាក់​បំពេញ​បន្ថែម។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏​ដូច​ជា​សម្រាប់​ឱ្យ​ភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែល​កន្លង​មក​ភ្ញៀវ​ទាំង​នោះ​មិន​ដែល​រំលង​ការផ្តិតរូបភាពនៅទីនេះឡើយ។

គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយ​ឡែក​ស្រះ​ខាង​ជើង​វិញ​ក្រុម​ការងារ​នៃ​អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;