រាជរដ្ឋាភិបាល​កម្ពុជា ចេញ​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់

  • 2020-01-02 09:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ បានចេញសារចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ សារចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដោយលោកបានគូសបញ្ជាក់ថាស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានរួមសហការគ្នា ចូលរួមគំនិតយោបល់ផ្សេងៗដើម្បីតាក់តែង និងរៀបចំសសារាចរស្តីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះឡើង។

 

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាការដាក់ចុះឱ្យអនុវត្តសារាចរស្តីពី វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ទីតាំងប្រភពបំពុលហើយម្យ៉ាងទៀតកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថា ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចបៃតង។  

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច ជាតិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ជាពិសេសគុណភាព ខ្យល់សាធារណៈនៅតាមទីប្រជុំជនធំៗដោយតាមដានលើកំហាប់ភាគល្អិតនិចលមានវិជ្ឈមាត្រតូចជា ២,៥ មីក្រូម៉ែត្រ (ហៅកាត់ថា PM2.5) ដែលមានការកើនឡើងក្នុងកម្រិតអាចបង្កហានិភ័យដល់ សុខភាព សាធារណៈនិងគុណភាពបរិស្ថាន។ លោកបានបន្តថា ជាការកត់សម្គាល់ ប្រភពនិងសកម្ម ភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

  លោករដ្ឋលេខាធិការក្រសួងបរិស្ថានបាន ថ្លែងថា បច្ចុប្បន្ននេះ គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណភាពល្អ ហើយ កម្រិត កំហាប់ភាគល្អិត និចល PM2.5 មានការប្រែប្រួលក្រោមកម្រិតស្តង់ដារប្រកាសអាសន្ន។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថានដែលបានធ្វើការតាម ដានគុណភាពខ្យល់  ប្រភពបំពុលសំខាន់ៗដែលនាំ ឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីប្រភពបំពុល សំខាន់៖  ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលមានកំហាប់ស្ពាន់ធ័រខ្ពស់ ២០% ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០%មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ  ការបញ្ចេញពីរោងចក្រ និងសិប្បកម្មជាដើម។ ដើម្បី រក្សាបាននូវគុណភាពខ្យល់សាធារណៈនៅល្អប្រសើរដដែល ចាំបាច់ត្រូវមានវិធានការ គ្រប់គ្រងឱ្យបានល្អជាមុន ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តនូវសារាចរស្តីពីវិធាន ការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;