ម្ចាស់ភោជនីយដ្ឋាន គំរូដំបូងគេដែលស្ម័គ្រចិត្តរុះរើសំណង់ នៅមុខប្រាសាទអង្គរវត្ត

  • 2020-01-03 04:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន ៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែល​បាន​ដំណើរ​ការ​តាំង​ពីឆ្នាំ ១៩៩៣​មក ដែល​មាន​លោកស្រី អៀវ សុភ័ក្រកញ្ញា ជា​ម្ចាស់​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​សំណង់​របស់​ខ្លួន​ទាំងស្រុង ហើយ​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បី​កែ​ប្រែ​សោភ័ណភាព និង​រៀបចំ​សណ្ដាប់​ធ្នាប់​មុខ​ប្រាសាទអង្គរវត្ត។ ដំណើរ​ការ​រុះ​រើ​នេះ ចាប់​ផ្ដើម​កាល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ ដឹកនាំដោយ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដោយ​មាន​ការ​ស្ម័គ្រ​ចិត្ត និង​ចូល​រួម​យ៉ាង​សកម្ម​ពី​ម្ចាស់​ភោជនីយដ្ឋាន។

លោក ស្រី អៀវ សុភ័ក្រកញ្ញា បានលើកឡើងថា «អង្គរប្រៀបដូចជាផ្ទះខ្ញុំ អង្គរបានជួយខ្ញុំច្រើន ហើយ​ក៏​ដល់​ពេលដែលខ្ញុំត្រូវជួយអង្គរវិញដែរ។ ខ្ញុំស្ម័គ្រចិត្តដោយរីករាយ នឹង​ចូល​រួម​ជា​មួយ​អាជ្ញាធរ​ជា​តិអប្សរា ដោយមិនមានភាពថ្នាំងថ្នាក់ឬការបង្ខិតបង្ខំ និង​ការ​ស៊ូក​ប៉ាន់​ណា​មួយ​ឡើយ​ក្នុង​ការ​រើ​សំណង់​នេះ។ ខ្ញុំដឹងថា អាជ្ញាធរជាតិអប្សរា នឹងកែលម្អទីនេះឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានស្អាត មាន​អនាម័យល្អ ឱ្យមានកន្លែងលក់ដូរស្តង់ដារតែមួយ ដើម្បីលើកមុខមាត់អង្គរ និង​ប្រទេស​ជាតិ​ព្រម​ទាំង​ទាក់​ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង»។

ម្ចាស់ភោជនីយដ្ឋានរូបនេះ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែល​បាន​ជួយ​សម្រួល​ដល់​ការរុះរើ​នេះប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។ លោកស្រី ក៏សង្ឃឹមថា អាជីវករ​ទាំង​អស់​នឹង​ស្ម័គ្រចិត្ត​ចូលរួមកែលម្អសោភ័ណភាពនិងសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត ដើម្បី​ឱ្យ​អាជ្ញាធរ​ជាតិអប្សរាងាយស្រួលអនុវត្តការងារបានទាន់ពេលវេលា ដើម្បី​ជា​ប្រយោជន៍​រួម​ទាំង​ពេល​បច្ចុប្បន្ន និងទៅអនាគតឱ្យកាន់តែល្អប្រសើរឡើង។

តាំងនាមថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ សូម​កោត​សរសើរ​ដ៏​ស្មោះ​ដល់​លោក​ស្រី សុភ័ក្រកញ្ញា ដែលព្រមសហការជាមួយក្រុមការងារដោយសុឆន្ទៈ និង​ជា​គំរូ​ដ៏​ល្អ​គួរ​ឱ្យ​គោរព​ចំពោះ​សណ្តានចិត្ត ក្នុង​ការ​ប្រគល់​ទីតាំង​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ទីតាំង​នេះ​ឱ្យ​ក្លាយ​ជាទី​លានបដិសណ្ឋារកិច្ចទេសចរណ៍កម្រិតអន្តរជាតិមួយ ដើម្បី​សេចក្តី​ថ្នូរ​និង​ភាព​ថ្កុំថ្កើង​ក្នុង​រមណីយ​ដ្ឋាន​អង្គរ។

អាជ្ញាធរជាតិអប្សរា នឹង​អនុវត្តការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​និង​ការ​រុះរើ​សំណង់​ជា​បណ្តើរៗ​ទៅ​តាម​ដំណាក់កាល ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ត​ឱ្យ​មាន​មជ្ឈមណ្ឌល​បដិ​សណ្ឋារកិច្ច​ត្រឹម​ត្រូវ និងទេសភាពបរិស្ថានល្អ ដើម្បីលើកមុខមាត់ប្រទេសជាតិ និង​រមណីយដ្ឋាន​អង្គរ​ឱ្យស័ក្តិសម​ជាបេតិកភណ្ឌពិភពលោក និងដួងព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូប។

លោកបន្តថា នៅចុងឆ្នាំ២០២០ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍នឹងសាងសង់រួចរាល់ ដោយ​រួម​មាន​ទាំងសាលពិព័រណ៌ មណ្ឌលបម្រើសេវាកម្មលំដាប់អន្តរជាតិ កន្លែង​លក់​ដូរ​ក្នុង​ស្រុក​ដែល​មាន​ស្តង់​ដារ​រួម និងចំណតយានយន្តល្អស្អាត។ រីឯនៅមុខអង្គរវត្តនឹងរៀបចំឱ្យមានភាពបៃតងដោយការដាំស្មៅនិងកូនឈើដើម្បីឱ្យបរិស្ថានស្អាត និង​មាន​សារ​មន្ទីរលម្ហមួយដែលតាំងដោយរូបចម្លាក់ផ្សេងៗ ដើម្បី​ឱ្យ​ភ្ញៀវ​អាច​ដើរ​ទស្សនា​បាន​ទាំង​ក្នុង​និង​ក្រៅ​ប្រាសាទ ជំនួស​ដោយ​ភាពកខ្វក់ និងភាពអនាធិបតេយ្យដែលមាននាពេលបច្ចុប្បន្ន៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;