មុខ​របស់ ប៉ាវចិន ពិត​ជា​​ខ្មៅ​​ញូញ និង​មាន​ព្រះចន្ទ​មួយ​ចំណិត​នៅ​លើ​ថ្ងាស​មែន​ឬ​ទេ?

  • 2020-01-06 01:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​មុខ​ដែក ប៉ាវចិន (Bao Zheng) គឺ​មន្ត្រី​មួយ​រូប​​នៅ​ក្នុង​ជំនាន់​​រជ្ជកាល​សុង ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​​ដោយសារ​តែ​ការ​កាត់ក្ដី​ឥត​លម្អៀង​របស់​​គាត់។ សាច់​រឿង​របស់​លោក​ត្រូវ​បាន​ក្រុម​ទូរទស្សន៍​យក​មក​ថត​ជា​ភាពយន្ត​ភាគ ហើយ​ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា។ ភាពយន្ត​ដំបូង​បង្អស់​ថត​ដោយ​ក្រុមហ៊ុន​​ទូរទស្សន៍​តៃវ៉ាន់ Chinese Television System Inc. នៅ​ឆ្នាំ​១៩៧៤ ដោយ​ដំបូង​ឡើយ​គ្រោង​​ថត​តែ​៣០​ភាគ​ប៉ុណ្ណោះ តែ​ត្រូវ​បាន​​ពន្លាត​​រហូត​ដល់ ៣៥០​ភាគ​ឯណោះ ព្រោះ​មាន​ការ​គាំទ្រ​ច្រើន។ ក្រោយ​មកៗ​ទៀត ក៏​មាន​ការ​ថត​សាជាថ្មី​​ជា​ហូរហែ​នៅ​ឆ្នាំ​១៩៨៧ ១៩៩៣ ២០០៣ ២០០៨ និង​ចុង​ក្រោយ​នៅ​ឆ្នាំ​​២០១០។

អ្វី​ដែល​យើង​តែង​កត់​សម្គាល់​ចំពោះ​តួអង្គ​របស់​ ប៉ាវចិន គឺ​ថា​លោក​មាន​មុខ​ខ្មៅ​ងងឹត​ខ្លាំង ហើយ​នៅ​ចំ​កណ្ដាល​ថ្ងាស​មាន​រូប​ព្រះ​ចន្ទ​មួយ​ចំណិត​ថែម​ទៀត​ផង។ តើ​តុលាការ​មុខ​ដែក​រូប​នេះ​ពិត​ជា​មាន​មុខ​ខ្មៅ​ញូញ និង​ព្រះ​ចន្ទ​នៅ​ចំ​ថ្ងាស​​​ប្រាកដ​ដែរ​ឬ​ទេ?

តួ​អង្គ​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត
ចម្លើយ​យ៉ាង​ខ្លី​គឺ​ថា "ទេ"។ លោក​ម្ចាស់ ប៉ាវ គឺ​ជា​មនុស្ស​ដែល​សម្បុរ ស មិន​ដូច​ការ​តុបតែង​ឲ្យ​ខ្មៅ​ងងឹត​ដូច​នៅ​ក្នុង​រឿង​ភាគ​នោះ​ឡើយ។ យោង​តាម​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​​ក្នុង​សៀវភៅ Luzhou លោក​ម្ចាស់ ប៉ាវ ​មាន​រូបរាង​​សាមញ្ញ​ តែ​ថ្លៃ​ថ្នូរ ហើយ​លោក​មាន​ពុក​ចង្កា​ពណ៌ ស។ ចំណែក​ឯ​រូប​ព្រះ​ចន្ទ​មួយ​ចំណិត​នៅ​ចំ​កណ្ដាល​ថ្ងាស​របស់​លោក​ក៏​ជា​រឿង​ប្រឌិត​ផង​ដែរ។ បើ​តាម​ពិត​ទៅ ការ​បន្ថែម​រូប​ព្រះ​ចន្ទ​មួយ​ចំណិត​នេះ​​ដោយសារ​​ខាង​ភាពយន្ត​ចង់​បង្ហាញ​អំពី​​​ភាព​អង់​អាច​ត្រឹមត្រូវ​ឥត​ល្អៀង​របស់​លោក។ ពន្លឺ​ព្រះ​ចន្ទ​ប្រៀប​​ប្រដូច​​នឹង​ការ​ចាប់​កំណើត​របស់​លោក​ម្ចាស់់​ ប៉ាវ នៅ​ទីកន្លែង​​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ខ្មៅ​ងងឹត​អ៊ីចឹង។

សូម​បញ្ជាក់​ថា លោក​ម្ចាស់ ប៉ាវ កើត​នៅ​ថ្ងៃ​​ទី១១ ខែ​មេសា ឆ្នាំ​៩៩៩ ក្នុង​​​​ស្រុក Hefei ខេត្ត Anhui ប្រទេស​ចិន។ លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​​ទី​២០ ខែ​ឧសភា ឆ្នាំ​១០៦២ ក្នុង​វ័យ​៦២​ឆ្នាំ។ មុន​ស្លាប់ លោក​ម្ចាស់​ ប៉ាវចិន បាន​បន្សល់​ទុក​​​បណ្ដាំ​មួយ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​លោក​ថា៖ "កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្ញុំ​មួយ​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​នាម​ជា​មន្ត្រី នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈាន​ជើង​ចូល​​​​ក្នុង​ផ្ទះ ឬ​បញ្ចុះ​សព​នៅ​​ផ្នូរ​ដូនតា​ឡើយ។ នរណា​ដែល​មិន​គោរព​​តាម​បណ្ដាំ​របស់​ខ្ញុំ​គឺ​មិន​ជា​កូន​ចៅ​របស់​ខ្ញុំ​នោះ​ទេ"៕

ប្រភព៖ The Epoch Times | People Pill ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;