ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២០

  • 2020-01-08 08:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២០ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា នៅសាលានាយទាហានសកម្មកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ហើយក្នុងនោះក៏មានការចូលរួមអបអរសាទរពីសំណាក់មិត្តសេនានុព័ន្ធ អនុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្មួយៗសិស្សានុសិស្សក្នុងស្រុកឧត្តុង្គផងដែរ។ ការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទកន្លងមក ដោយមានការចូលរួមរបស់មហាជន ក៏បានចូលរួមចំណែកយ៉ាងសំខាន់លើការជំរុញការប្រាស្រ័យទាក់ទងរវាងកងទ័ព និងមហាជន និងបានលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីតម្លៃ និងកិត្តិយស នៃវិជ្ជាជីវៈជាយោធិន។

លោកបន្តថា នៅក្នុងការប្រកួតនេះ ពិតណាស់មានក្រុមដែលទទួលបានចំណាត់ខ្ពស់ និងចំណាត់ថ្នាក់ទាប ប៉ុន្តែជាស្មារតីរួម គ្មានអ្នកចាញ់ទេ គឺឈ្នះទាំងអស់គ្នា ពីព្រោះបេសកកម្ម ដែលជាគោលដៅសំខាន់នៅពេលនេះ គឺការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទមួយឱ្យបានរលូន ត្រឹមត្រូវ យុត្តិធម៌ និងរក្សាបានសាមគ្គីភាពទាំងអស់គ្នា ដូច្នេះបន្ទាប់ពីការប្រកួតបានបញ្ចប់ គឺមានន័យថា បេសកកម្មរបស់ក្រុមនីមួយៗក៏បានបញ្ចប់ គឺចប់ដោយជោគជ័យ ចប់ដោយការខិតខំប្រឹងប្រែង ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំការប្រកួតក៏បានបញ្ចប់ការងាររបស់ខ្លួនដោយសុក្រឹត្យផងដែរ។ «ទាំងនេះ គឺជាជោគជ័យធំនៅក្នុងថ្ងៃនេះ គឺយើងអាចបញ្ចប់បេសកកម្មនៅក្នុងការប្រកួតដោយទទួលបានជោគជ័យទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរខួបអនុស្សារីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;