ខេត្ត​បាត់ដំបង និង​ខេត្ត​មួយ​របស់​​ជប៉ុន ចុះ MOU បង្កើត​សម្ព័ន្ធមេត្រីភាព​​

  • 2020-01-16 03:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈប្រតិភូខេត្តអិហ៊ិមិ ប្រទេសជប៉ុន បាន​ព្រមព្រៀង​គ្នា​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាលខេត្តបាត់ដំបង​ក្រោម​វត្តមាន លោក ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង និង លោក តូគីហ៊ីរ៉ូ ណាកាប៉ូរ៉ា អភិបាលខេត្តអិហ៊ិមិ ប្រទេសជប៉ុន និងគណៈប្រតិភូក្រុមហ៊ុនជប៉ុននានា ជា​ច្រើន​នាក់​ចូល​រួម​ផង​ដែរ។ ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នៅ​សាល​សន្និសីទ​សាលា​ខេត្តបាត់ដំបង។

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
លោក ងួន រតន: អភិបាល​ខេត្ត​បាត់ដំបង​បាន​ទទួលស្វាគមន៍​​គណៈ​ប្រតិភូខេត្តអិហ៊ិមិ ប្រទេសជប៉ុន ដោយ​បាន​បញ្ជាក់ពីសក្តានុពលនៃខេត្តបាត់ដំបងលើគ្រប់វិស័យ ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ភាគ​ច្រើន​ជា​អ្នកប្រកបមុខរបរកសិកម្ម ពាណិជ្ជករ អាជីវករ ជាដើម។

លោក ងួន រតន: បានបញ្ជាក់ថា ក្នុងជំនួបគ្នារវាងភាគីទាំងពីរនាថ្ងៃនេះ គឺភាគី​ទាំងពីរ​បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ការ​បង្កើត​ចំណង​សម្ព័ន្ធ​មេត្រីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហ៊ិមិ នៃ​ប្រទេ​សជប៉ុន ហៅកាត់ថា (ភាគីទាំងពីរ) ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ភាគី​ទាំង​ពីរ​ដោយ​គោរព​ទៅ​តាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេសទាំងពីរ។

លោក​អភិបាល​ខេត្ត បានបន្តថា រដ្ឋបាលខេត្តបាត់ដំបង និងខេត្តអិហ៊ិមិ ភាគី​ទាំងពីរ​ព្រមព្រៀង​សហការ​គ្នា​ទៅ​តាមលក្ខខណ្ឌខាងក្រោមដើម្បីអនុវត្តសកម្មភាព និងគម្រោងនានា ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ភាគីទាំងពីរ តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល និង​បច្ចេកវិទ្យា​នានា​ពី​ខេត្ត​អិហ៊ិមិ រួមមាន ៖

១. ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដោយឈរលើគោលការណ៍ស្មើភាព ជឿជាក់ និង​គោរព​គ្នា​ទៅ​វិញ​ទៅមក។ ២. ភាគីទាំងពីរយល់ព្រមសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ធនធាន​មនុស្ស​ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរអន្តរតំបន់ ដោយ​ឈរ​លើ​គោល​ការណ៍​ផ្តល់​ផលប្រយោជន៍គ្នាទៅវិញទៅមក។ ៣. ភាគីទាំងពីរនឹងសហការគ្នាជំរុញភាពជឿនលឿនលើវិស័យឧស្សាហកម្ម ដោយ​ផ្តោត​សំខាន់​លើ​ឧស្សាហកម្ម​កែច្នៃ​ចំណីអាហារតាមរយៈការប្រើប្រាស់ផលិតផល និង​បច្ចេកវិទ្យា​នានា​របស់​ខេត្ត​អិហ៊ិមិ។ ៤. ភាគី​ទាំងពីរ​នឹងជំរុញ​ឱ្យ​មានការផ្លាស់ប្តូរ​រវាង​វិស័យ​ឯកជន​ដើម្បី​ជួយ​លើក​ទឹកចិត្ត​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឧស្សាហកម្ម ការផ្លាស់ប្តូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង និងខេត្តអិហ៊ិមិ។ ៥. ភាគីទាំងពីរនឹងសហការគ្នាធ្វើកិច្ចការសំដៅពង្រឹងការផ្លាស់ប្តូរព័ត៌មាន និង​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​កាលានុវត្ត​ភាព​ពាណិជ្ជកម្ម ជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមក និង​កសាង​នូវ​ទំនាក់ទំនង​កាន់​តែ​ជិតស្និទថែមទៀតរវាងខេត្តបាត់ដំបងនិងខេត្តអិហ៊ិមិ។

ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរមិនត្រូវបានបង្កើត និង​ជាប់​កាតព្វកិច្ច​ផ្នែក​ច្បាប់​ណា​មួយ​ដែលធ្វើឱ្យពាក់ព័ន្ធដល់ភាគីទាំងពីរនោឡើយ។

សូមជម្រាបជូនថា នៅក្នុងការទំនាក់ទំនងគ្នារវាងភាគីទាំងពីរ ខេត្តបាត់ដំបង បាន​កំណត់​យក​ទីចាត់​ការរដ្ឋបាល និងខេត្តអិហ៊ិមិបានកំណត់យកនាយកដ្ឋានគោលនយោបាយឧស្សាហកម្មខេត្តអិហ៊ិមិ។ អនុស្សរ​ណៈនៃការយោគយល់គ្នានេះនឹងមានប្រសិទ្ធភាពក្រោយពេលដែល ភាគីទាំង​ពីរ​បាន​ចុះ​ហត្ថលេខារួច។ រាល់​ខ្លឹមសារ​ដែល​បាន​កំណត់​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​នឹង​មិន​ប៉ះពាល់​ដល់សកម្មភាពសហប្រតិបត្តិការដែលធ្លាប់មានកន្លងមកនោះទេ។

រាល់ការធ្វើវិសោធនកម្មកែសម្រួល ឬការបន្ថែមខ្លឹមសារថ្មី ឬលុប​ចោល​ខ្លឹមសារ​មួយ​ចំនួន​លើ​អនុស្សរណៈ​នេះ​នឹងត្រូវធ្វើឡើងយោងតាមការព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងភាគីទាំងពីរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;