អាជ្ញាធរជាតិអប្សរា បង្ហាញយុទ្ធសាស្ត្រ​គ្រប់​គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​បាន​ជោគជ័យ

  • 2020-01-16 04:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។ សមិទ្ធផល​ជាច្រើនកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យ​រមណីយដ្ឋាន​បេតិ​កភណ្ឌពិភពលោក​អង្គរទទួលបានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាមិត្ត និង​ស្ថាប័ន​អន្ដរជាតិជាច្រើនមានដូចជាអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈ​កម្មាធិការ​អន្ដរជាតិអាយស៊ីស៊ី-អង្គរ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា រហូត​មក​ដល់បច្ចុប្បន្ន​ដោយ​អ្នក​ជំនាញ​ជាតិ​កាន់តែមានសមត្ថភាពខ្ពស់​ដូច្នេះ​អាជ្ញាធរជាតិអប្សរា​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​កិច្ចការ​អភិរក្ស និងជួសជុលប្រាសាទ។ បន្ថែមលើនេះ កិច្ចការគ្រប់គ្រងទឹក ដែល​ជា​ភារកិច្ច​សំខាន់​ដែរ​នោះក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ។ ចាប់ពីឆ្នាំ២០០៤មក អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ និង​ឈាន​ដល់​ការស្ដារ​ឡើង​វិញ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨អាជ្ញាធរជាតិអប្សរា បានស្ដារ​ប្រព័ន្ធ​បង្ហូរ​ទឹក​ដែល​មាន​ប្រភព​ពីភ្នំគូលែន​ចូលទៅក្នុងបារាយណ៍ជ័យតដាក ឬបារាណយ៍ខាងជើង ដែល​បារាយណ៍​នេះ​បាន​គោក​គ្មាន​ទឹក​អស់រយៈកាលជាង៥០០ឆ្នាំមកហើយ។

លោក ឡុង កុសល បានបន្ថែមថា ចំណុច​នេះ​គឺមាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរជាតិអប្សរា​ប្រឹង​ប្រែងធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដសម័យបុរាណមានជីវិតឡើងវិញ ដើម្បីកិច្ចអភិរក្សប្រាសាទ ក៏​ដូច​ជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពផលកសិកម្មរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិអប្សរា​ក៏បានស្ដារកសិន្ធុសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ រួម​មាន​កសិន្ធុ​ប្រាសាទ​ព្រះ​ខ័ន កសិន្ធុ​ប្រាសាទអង្គរវត្ត និងកសិន្ធុក្រុងអង្គរធំ ដែល​ពីមុន​ទីតាំង​ទាំង​នោះ​មាន​ទឹក​តែ​ក្នុង​រដូវវស្សា​តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរា​បាន​ស្ដារ​ប្រព័ន្ធ​ធារាសាស្រ្ដ​បុរាណ​សរុប​ប្រមាណ ៥២គីឡូ​ម៉ែត្រ។ តាមរយៈការដំណើរការឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណនេះ ទោះ​បី​ជា​ក្នុងរដូវ​ប្រាំង​យ៉ាង​ណា​ក្ដីរមណីយដ្ឋានអង្គរនៅតែមានទឹកបរិបូរណ៍។ បច្ចុប្បន្ន ទាំង​បារាយណ៍ និង​កសិន្ធុ​ប្រាសាទ​ទាំង​អស់អាចផ្ទុកទឹកក្នុងកម្រឹតអតិបរិមាជាង១០០លានម៉ែត្រគូប។ ក្រៅ​ពីប្រើ​ប្រាស់​លើការ​អភិរក្ស​ប្រាសាទហើយនោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនចែកចាយទឹកពីបារាយណ៍ទឹកថ្លា ដល់​ស្រែ​ប្រជាពលរដ្ឋ​លើផ្ទៃដី ៧ ៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏​ដូច​ជា​ចែក​ចាយ​ដល់រដ្ឋាករ​ទឹកស្អាត​ដើម្បី​ផលិត​ទឹកស្អាត​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​មួយកម្រិតទៀត។

បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹកទាំងនេះ តាមការបញ្ជាក់ពីលោក ឡុង កុសល ក្នុង​នោះ​អាជ្ញាធរ​ជាតិ​ក៏មាន​គោលការណ៍​ស្ដារ​រចនាសម្ព័ន្ធ​ធារាសាស្ត្រ​បុរាណ​ផ្សេង​ទៀត​ដែល​បច្ចុប្បន្ន​គោក​រីង​ទឹក​អស់​ឲ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍អភិរក្សប្រព័ន្ធធារាសាស្រ្ដបុរាណផង និង​ជា​ប្រភព​ទឹកប្រើប្រាស់សម្រាប់មនុស្សបច្ចុប្បន្នផង៕

អត្ថបទ និង​រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;