ខេត្ត​មណ្ឌលគិរី មាន​សសរ​ថ្ម​ធម្មជាតិ​អាយុកាល​រាប់ពាន់​ឆ្នាំ

  • 2020-01-17 03:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លឿង កេសរោ ប្រធាននាយកដ្ឋាន​តំបន់​បេតិកភណ្ឌ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន កាលពីថ្ងៃទីសុក្រ​សប្តាហ៍មុន បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស សមត្ថកិច្ចនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវតំបន់បេតិភណ្ឌធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងខេត្តមណ្ឌលគីរី។

ក្រុមការងារធ្វើដំណើរ​ ដោយរថយន្ត ផង និងដោយម៉ូតូផង បានទៅដល់ទីតាំងធម្មជាតិ កន្លែងវប្បធម៌របស់ជនដើមភាតិចនៅក្នុងតំបន់។ នៅទីនោះ ក្រុមការងារបានចុះពិនិត្យស្រាវជ្រាវលើតំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំង ស្ថិតនៅភូមិលេខ៥(ឡាំមេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តតំបន់របៀងអភិរក្សជីវៈចម្រុះ «ខេត្តមណ្ឌលគិរី» ដែលតាមការសិក្សាជំហានដំបូងមានអាយុកាលរាប់ពាន់ឆ្នាំ។

លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា សសរថ្មធម្មជាតិរាប់ពាន់ដើមមានមុខកាត់ចាប់ពី៤០សម ដល់៦០សម និងប្រវែងរហូតដល់ ២ ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នាដូចរាងប្រាសាទបុរាណ។ តាមរយៈការស្រាវជំហានដំបូងក្រៅពីសសរថ្ម មានវត្តមានដើមរកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើមឬស្សី ឈើផ្សេងទៀតនៅតំបន់នោះផងដែរ ដែលជាសម្បត្តិធម្មជាតិ កម្រឃើញមាននៅតាមតំបន់ការពារធម្មជាតិ។

លោក វុធ សារុំ បានបន្ថែមថា លើសពីនេះ តំបន់ការពារធម្មជាតិនេះ មានសត្វព្រៃដូចជាក្តាន់ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មារបា សត្វកេងកង ជាដើម ព្រមទាំងមានទឹកធ្លាក់ពីលើដុំថ្មដ៏ប្រណិតផងដែរ។ តំបន់ព្រៃដែលមានធនធានធម្មជាតិដ៏មានតម្លៃទាំងនោះ ក៏ជាជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិតាមជំនឿរបស់ជនជាតិដើមភាគតិចព្នងជាច្រើនជំនាន់មកហើយ។

លោក លឿង កេសារោ បានបញ្ជាក់ថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចបង្កេីតជាតំបន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ» ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយធ្វើការចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់៕

អត្ថបទ និងរូបថត៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;