សម្តេច ហ៊ុន សែន ប្រាប់មេទ័ពជើងគោកផ្កាយពីរសិង្ហបុរីថា ការប្រើកម្លាំងមិនអាចដោះស្រាយបញ្ហាបានទេ
- 2020-01-22 02:22:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រាប់មេទ័ពជើងគោកផ្កាយពីរសិង្ហបុរីថា ការប្រើកម្លាំងមិនអាចដោះស្រាយបញ្ហាបានទេ
ចន្លោះមិនឃើញ
ក្នុងជំនួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានថ្លែងថា សម្ដេចពុំមានការជឿជាក់ថា ការប្រើកម្លាំងអាចដោះស្រាយបញ្ហានោះបានទេ ផ្ទុយទៅវិញ ការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។
ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង អាចក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀត គឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ។
ក្នងុជំនួបនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា កងទ័ពកម្ពុជា-សិង្ហបុរី ចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។ នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។
សម្ដេចតេជោក៏បានជម្រាបជូនលោក Goh Si Hou អំពីនយោបាយរបស់កម្ពុជាគឺប្រជាពលរដ្ឋគឺជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ទោ Goh Si Hou បាន បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។
លោកមានប្រសាសន៍បន្តទៀតថា លោករួមជាមួយនឹងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ ជាមួយគ្នានេះផងដែរ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា កងទ័ពទាំងពីរកន្លងមក មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អហើយលោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន