សិល្បករ លាង ស៊ីកន បញ្ចេញបទចម្រៀង ៣៦បទ និងបង្ហាញស្នាដៃថ្មីបង្កប់ខ្លឹមសារអប់រំស៊ីជម្រៅ
- 2020-01-31 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករ លាង ស៊ីកន បញ្ចេញបទចម្រៀង ៣៦បទ និងបង្ហាញស្នាដៃថ្មីបង្កប់ខ្លឹមសារអប់រំស៊ីជម្រៅ
ចន្លោះមិនឃើញ
សិល្បករសហសម័យផ្នែកគំនូរ ចម្លាក់ និងដំឡើង ល្បីឈ្មោះលំដាប់អន្តរជាតិ លោក លាង ស៊ីកន បានសម្ពោធដាក់ឲ្យទស្សនាដោយសេរីនូវស្នាដៃសិល្បៈគំនូរ ចម្លាក់ និងដំឡើងថ្មីចំនួន៩ និងបទចម្រៀងនិពន្ធ និងចម្រៀងខ្លួនឯងចំនួន៣៦បទ នៅវិចិត្រសាល Meta House រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ មករា ២០២០កន្លងទៅ។
លោកបន្តថា <<បទចម្រៀងទាំង៣៦ក៏បានបង្កប់នៅទស្សនៈវិជ្ជាបែបស៊ីជម្រៅ ការលួងលោមបំពេអារម្មណ៍ឲ្យអ្នកស្តាប់ប្រសើរឡើង និងមានទាក់ទងនឹងស្នាដៃគំនូរ ចម្លាក់ និងដំឡើងផងដែរ។ មានន័យថា គំនូរមួយផ្ទាំងចម្រៀងមួយបទ ចម្លាក់មួយចម្រៀងមួយ និយាយរួមធ្វើយ៉ាងណាឲ្យគំនូរ ចម្លាក់ និងចម្រៀង របស់ទាំង៣នេះរួមគ្នាតែមួយ>>។
មូលហេតុដែលសិល្បករល្បីលំដាប់អន្តរជាតិរូបនេះងាកមកនិពន្ធចម្រៀងថ្មីវិញ លោក ស៊ីកនបញ្ជាក់ថា <<តាមពិតទៅខ្ញុំក៏មានចំណង់ចំណូលចិត្តផ្នែកចម្រៀងនេះតាំងពីខ្ញុំធ្វើការនៅវិទ្យុនៅខេត្តមកម្លេះ តន្ត្រីសំខាន់ណាស់សម្រាប់ខ្ញុំ វាបានរុញ និងកែប្រែជីវិតខ្ញុំប្រសើរឡើង អីចឹងបានខ្ញុំបានភ្ជាប់តន្ត្រី ទៅនឹងការងារសិល្បៈឲ្យកាន់តែលេចធ្លោឡើង ធ្វើ់យ៉ាងណាឲ្យខ្មែរស្គាល់នូវអត្តសញ្ញាញ ទាំងស្នាដៃសិល្បៈ និងបទចម្រៀងរបស់ខ្ញុំគឺមានរសជាតិ អារម្មណ៍ ឈាមជ័រ ពណ៌សម្បុរជាខ្មែរ>>។
ការតែងនិពន្ធបារ៉ូល និងទំនុកច្រៀង ចម្រៀងថ្មីទាំង៣៦បទនេះលោក លាង ស៊ីកន ប្រើពេញរហូតដល់១ឆ្នាំ ៤ខែ រយៈពេលយូរបែបនេះគឺដោយសារតែលោកយកពេលទំនេរពីការងារមកធ្វើតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃបើសម្ពោធលោកបានផលិតចេញបានចំនួន១០បទហើយ បទដែលនៅសល់លោកនឹងផលិតបន្តទៅថ្ងៃមុខទៀត។ បទចម្រៀងថ្មី១០បទនេះមានលោក ធុច សាវ៉ាង លោកគ្រូ បា និងលោក យង់ ពៅ ជាអ្នកសម្រួលតន្ត្រី និងបទភ្លេង។
បន្ទាប់ពីការដាក់តាំងបង្ហាញ និងសម្តែង នៅភ្នំពេញចប់ស្នាដៃសិល្បៈថ្មីទាំង៩ និងបទចម្រៀងរបស់សិល្បករសហសម័យខ្មែររូបនេះនឹងត្រូវយកទៅតាំង និងសម្តែងបន្តរយៈពេលមួយខែពេញនៅ វិចិត្រសាល ROSSI & ROSSI នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ផងដែរ៕
រូបភាពសកម្មភាពសម្តែង និងច្រៀងរបស់លោក លាង ស៊ីកន ថ្ងៃបើកសម្ពោធពិព័រណ៌