សម្តេច ហ៊ុន សែន៖ សន្តិភាព​សកល​នៅមាន​ភាពផុយស្រួយ​នៅឡើយ

  • 2020-02-04 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា សន្តិភាពគឺជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍន៍។ ប៉ុន្តែសន្តិភាពសាកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយដោយសារការវិវឌ្ឍទៅរកក្របខណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពនៃអំណាចសកល។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly) គ្រប់ខួប១០០ឆ្នាំ នៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២០។

សម្ដេច ហ៊ុន សែន លើកឡើង​ថា កិច្ចប្រជុំកំពូលពិភពលោកនេះ គឺជាវេទិកាដ៏សំខាន់ដែលបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំមកពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈលើការអភិវឌ្ឍស្ថានភាពតំបន់ និងសកលដើម្បីចូលរួមចំណែករកវិធីដោះស្រាយបញ្ហាប្រឈមរួមរបស់យើង សំដៅរក្សាសន្តិភាព សន្តិសុខ និងចីរភាពនៃការអភិវឌ្ឍន៍មនុស្សជាតិសម្រាប់ពិភពលោក។

សម្តេចតេជោបន្តទៀតថា តាមរយៈប្រធានបទនៃវេទិកានេះ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខដុមរមនារបស់ប្រជាជនក្នុងសកលលោក។

ប្រមុខរាជរដ្ឋាភិបាល​បន្ថែមថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន កម្ពុជាយល់ឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយល់ច្បាស់ថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នាជូនប្រជាជនគ្រប់រូបនូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាអភិវឌ្ឍធនធានមនុស្សឲ្យក្លាយទៅជាធនធានដែលមានសក្តានុពលមិនចេះរីងស្ងួត៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;