ក្រុមហ៊នអង់គ្លេស គ្រោង​វិនិយោគ​លើកសិដ្ឋាន​ចិញ្ចឹមគោ​យកទឹកដោះ នៅ​កម្ពុជា

  • 2020-02-06 03:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Unitedgreen ដែល​មានមូលដ្ឋាន​នៅក្រុងឡុងដ៏ ប្រទេស​អង់គ្លេស គ្រោង​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹមគោ​យកទឹកដោះនៅកម្ពុជា។ ការ​បង្ហាញ​គម្រោង​នេះ ធ្វើឡើង​ដោយ​លោក Rod Bassett នាយក​ក្រុមហ៊ុន ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក​នាយក​បាន​ថ្លែង​តីដោយ​សង្ខេប​អំពី​ជីវប្រវត្តិ​របស់​ក្រុមហ៊ុន មុខរបរ ទុន​វិនិយោគ រចនាសម្ព័ន្ធ​ក្រុមហ៊ុន។ល។ និងជា​ពិសេសគោលបំណង​នៃជំនួបនាពេលនេះគឺ៖

ទី១- ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋា ភិបាល ក៏ដូចជារបស់ក្រសួង

ទី២- ពិនិត្យលើសក្តានុពលនៃធនធានដី ទឹក និងទីផ្សារ ដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្ថែមទៀតថា កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម បូករួមទាំងឱកាសអំណោយផលពេញលេញ ប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ ផ្តើមអនុវត្តបច្ចេកវិទ្យាឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផលដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។

ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ធ្វើការរៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត។

ជាការឆ្លើយតប លោក​រដ្ឋមន្ត្រីបានជូនយោបល់ថាក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូច ធ្វើជា​លក្ខណ:បង្ហាញ រួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗ ស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវការនៃការប្រើប្រាស់ទឹកដោះគោ។ មួយវិញទៀត លោកបានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់ លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនាពេលខាងមុខដំណើរការទៅដោយរលូន។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

អត្ថបទ និងរូបថត៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;