ប្រធាន​រដ្ឋ​ឡាវ នឹង​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា

  • 2020-02-06 03:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប-តេយ្យ ប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅ ព្រះ រាជា ណា ចក្រ កម្ពុជា ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះករុណា ព្រះ បាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

លោក​នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃ ព្រះ រាជាណាចក្រកម្ពុជា ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ប៊ុនញ៉ាំង វរជីត នឹងអញ្ជើញដាក់កម្រងផ្កានៅវិមាន ឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់​លោក ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;