Messi និងមេផ្នែក​បច្ចេកទេស​ក្លឹប Barca ប៉ះគ្នាមួយប្រាវ រឿងរ៉ាវដល់ណាហើយ?

  • 2020-02-06 07:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីលោក Eric Abidal ជានាយកផ្នែកបច្ចេកទេសរបស់ក្លឹប Barcelona បានផ្តល់បទសម្ភាសន៍មួយចុះផ្សាយដោយសារព័ត៍មានអេស្ប៉ាញ Marca កាលពីថ្ងៃទី ៤ ខែកុម្ភៈថ្មីៗនេះ។ រំលងបាន ១ ថ្ងៃក៏ស្រាប់តែប្រធានក្រុម Lionel Messi បានឃើញហើយយកទៅសរសេរឆ្លើយតបនៅលើបណ្ដាញសង្គមជា (Story) រហូតបង្កជាការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមជ្ឍដ្ឋានអ្នកតាមដានវិស័យកីឡា លើការលេចធ្លាយរឿងរ៉ាវរកាំរកូសផ្ទៃក្នុងរបស់ក្លឹបបែបនេះ។

រូបថត៖ facebook/VivaBarca
សម្រង់សម្តីលោក Eric Abidal បាននិយាយថា៖ "កីឡាករ​ជាច្រើនសូវ​ខំ​ប្រឹង​ហ្វឹកហាត់និងលេងឲ្យអស់ពីចិត្តកាលនៅជំនាន់លោក Ernesto Valverde ព្រមទាំងមានរឿងខ្លះនៅបន្ទប់ផ្លាស់សំលៀកបំពាក់។ បើត្រឡប់ទៅគ្រាដែលខ្ញុំនៅជាកីឡាករ ខ្ញុំអាចយល់បានស្ថានភាពបែបហ្នឹង"។ រំឮកបន្តិចថា Abidal ជាអតីតកីឡាករ ប៉ុន្តែបានត្រឡប់មកវិញក្នុងឆ្នាំ ២០១៨ ទទួលតំណែងជា Sport Director បន្តដល់បច្ចុប្បន្ន។

ទាក់ទងនឹងរឿងដែលថ្នាក់ដឹកនាំលើកឡើងឈានដល់ការ​ចែកផ្លូវ​គ្នា​រវាង​ក្លឹបនិងអតីតគ្រូបង្វឹក​រូបនោះ Messi ក៏សរសេរ​នៅ​លើ Story តប​ទៅ​វិញ​ថា៖ "កីឡាករ​ជា​អ្នក​ទទួលខុសត្រូវ​នៅ​លើ​ទីលាន ហើយ​យើង​ក៏​ទទួល​ស្គាល់​ថា​ធ្វើ​អត់​បាន​ល្អ​ដែរ។ ចំណែក​ឯ​ថ្នាក់​ដឹកនាំ​ក៏​ត្រូវ​តែ​មាន​ទំនួល​ខុសត្រូវ​ដែរ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ម្យ៉ាងទៀត​បើ​និយាយ​រឿង​ក្រុម​កីឡាករ សុំបង្ហាញ​ឈ្មោះ​ឲ្យ​ចំៗ​មក កុំ​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​" ។

រហូតមកដល់ថ្ងៃនេះ មានព័ត៌មានទម្លាយថា ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ Barcelona និង​ថ្នាក់​ដឹកនាំ​ក្លឹប​មិន​សូវ​ល្អ​​ទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមាន​ពាក្យ​ចចាមអារ៉ាម​ថា Messi អាចនឹងសម្រេចចិត្តចាកចេញទៅចូលរួមជាមួយ Manchester City ដែលជាជម្រើសទីមួយ ព្រោះមានមិត្តរួមក្រុមជិតស្និទ្ធ Sergio Aguero និងគ្រូដែលស្រលាញ់រូបគេខ្លាំងគឺ Pep Guardiola ។ ចំណែកភាគីលោក Eric Abidal មិនបានឆ្លើយតបអ្វីទៀតដែរ គ្រាន់តែរូបលោក និងប្រធានក្លឹបលោក Bartomeu ត្រូវបានគេដឹងថា បានជួបប្រជុំគ្នារួចរាល់ហើយ។

ចំពោះរឿងរ៉ាវកីឡាកររបួសច្រើនដូចជាខ្សែប្រយុទ្ធស្លាប Dembele Ousmane បើសិនជាលើសពី ៥ ខែទៀតឡើងទៅ ក្លឹបក៏អាចនឹងពិចារណារកអ្នកជំនួស។ រីឯខ្សែប្រយុទ្ធកណ្ដាល Suárez ទោះបីជារូបគេលេងល្អរកគ្រាប់បាល់បាន និង assist ជួយក្រុមឈ្នះក្រៅដីគ្រប់ប្រកួតរដូវកាលនេះក៏ពិតមែន ប៉ុន្តែអវត្តមានព្រោះរបួសច្រើនខែដល់ពាក់កណ្ដាលឆ្នាំ ២០២០ ឯណោះក៏បង្កើតជារឿងឈឺក្បាលមួយដែរសម្រាប់ក្លឹប។

បញ្ហាក្នុងក្លឹបបែបនេះឈានដល់គ្រូបង្វឹកថ្មីលោក Setién ជាអ្នកទទួលបន្ទុកតបនឹងអ្នកកាសែតដោយលោកនិយាយជាកណ្ដាលថា៖ "ខ្ញុំមិនចាប់អារម្មណ៍អ្វីផ្សេង ក្រៅពីបាល់ទាត់ទេ។ Messi គេមានបទពិសោធន៍លើការសម្រេចចិត្តខ្លួនគេហើយ។ ខ្ញុំមិនចង់ចូលទៅដឹងរឿងជីវិតគេទេ ក៏រឹតតែមិនចង់ធ្វើជាឪពុកកីឡាករដែរ។ ឥឡូវនេះខ្ញុំគិតតែការប្រកួតបន្ទាប់ប៉ុណ្ណោះ (Barcelona ត្រូវលេងវគ្គ ៨ ក្រុមពាន Copa delrey ប៉ះក្រុម Athletic Bilbao នៅថ្ងៃទី ៦ ខែកុម្ភៈម៉ោង ៣ រំលងអាធ្រាត្រ)" ៕

ប្រភព៖ ESPN FC | sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;