ក្រុមហ៊ុនធំៗអាមេរិកចំនួន ១៦ មកសិក្សាវិស័យកសិកម្មកម្ពុជា

  • 2020-02-06 09:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈប្រតិភូក្រុមហ៊ុនអាមេរិកចំនួន ១៦ បានមកសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដោយផ្តោចទៅលើចំនុចសំខាន់៣ បច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ។ ក្រុមហ៊ុនទាំង១៦នោះរួមមានក្រុមហ៊ុន Walmart, Amazon, IBM, John Deer, Corteva, California Figs, ADM, ក្រុមប្រឹក្សាធញ្ញជាតិអាមេរិក និងក្រុមហ៊ុនវិស្វកម្ម Sripipat។

ប្រតិភូក្រុមហ៊ុនអាមេរិកទាំង១៦ បានមកចូលរួមវេទិកា «ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០ » រយៈពេល ២ថ្ងៃ គឺថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ ២០២០ដែលឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។

ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានលើកឡើងថា នេះជាឆ្នាំទី២ហើយដែលស្ថានទូតអាមេរិកនាំគណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីឳកាសពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ផ្តោតលើបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ។

ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ពេកធ្វើសន្និសិទសារព័ត៌មាន

អាមេរិកបានបង្កើត និងគាំទ្រ កម្មវិធី Harvest II ផ្តល់មូលនិធិកម្មវិធីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលអាមេរិកក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារ USAID ជំរុញផលិតកម្ម ដូចជា ស្វាយ ស្វាយចន្ទី និងម្រេច សម្រាប់លក់នៅទីផ្សារ និងគម្រោងការធ្វើពាណិជ្ជកម្មលើវារីវប្បកម្ម (CAST)។ CAST ជាគម្រោងស្បៀងអាហាររបស់ក្រសួងកសិកម្មអាមេរិក គម្រោងនេះមានបំណងជំរុញឧស្សាហកម្មវារីវប្បកម្មយូរអង្វែងនៅកម្ពុជា។

ទំហំពាណិជ្ជកម្មផ្នែកកសិកម្ម កម្ពុជា និង អាមេរិក មានទំហំទឹកប្រាក់ប្រហែល២២០លានដុល្លារក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៨ ទំនិញនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានទំហំទឹកប្រាក់សរុប ១៥៧ លានដុល្លារ ភាគច្រើនជាផលិតផលឈើ មានទឹកប្រាក់ ១៣៤លានដុល្លារ និងបន្ទាប់មកមានចំណីសត្វចិញ្ចឹមក្នុងផ្ទះ និងអង្ករ។ ខណៈដែលផលិតផលកសិកម្មរបស់អាមេរិកនាំចូលមកកម្ពុជាវិញមានទំហំទឹកប្រាក់សរុបតែ ៦២លានដុល្លារ ដែលភាគច្រើនគឺចំណីធ្វើពីសណ្តែកសៀងមាន ១៣លានដុល្លារ ធញ្ញជាតិសម្រាប់ផលិតស្រាបៀ មាន ១២លានដុល្លារ និងចំណីសត្វ មាន ៦លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចេញដោយស្ថានទូតអាមេរិកក្នុងកម្មវីធី «ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០ » ។

របាយការណ៍នេះដដែលបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស១០ដែលនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោក នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករបាន ៦២០ ០០០ តោន។ ផលិតផលបន្លែ និងផ្លែឈើកម្ពុជាផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានតែ ៧០ភាគរយ ៣០ភាគរយផ្សេងទៀតគឺនាំចូលមកពីប្រទេសថៃ និងវៀតណាម៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;