ធ្លាប់​គិត​អត់​ថា បើ​ចង់​សង់​អង្គរវត្ត​នា​ពេល​បច្ចុប្បន្ន ត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន?

  • 2020-02-11 01:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ដឹង​​រឿងរ៉ាវ​​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​របស់​ប្រាសាទ​អង្គរវត្ត ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​​​​​​​មួយ​របស់​មនុស្ស​ជាតិ។ ចុះ​អ្នក​ធ្លាប់​នឹក​ស្រមៃ​ថា បើ​ត្រូវ​សាងសង់​អង្គរវត្ត​នា​ពេល​បច្ចុប្បន្ន​វិញ តើ​យើង​ត្រូវ​ចំណាយ​​អស់​ថវិកា​ប៉ុន្មាន​ទើប​អាច​​ឲ្យ​ប្រាសាទ​នេះ​​​លេច​​​ចេញ​ជារូបរាង​បាន?

បើ​តាម​​ការ​ចុះ​ផ្សាយ​រប​ស់​វិបសាយ​ល្បី​មួយ​ឈ្មោះ Bright Side បាន​​ឲ្យ​​ដឹង​ថា ប្រសិន​បើ​ចង់​ចម្លង​គំរូ​សាងសង់​ប្រាសាទ​អង្គរវត្ត អ្នក​ត្រូវ​ចាយ​ប្រាក់​អស់​ប្រមាណ ៤២​លាន​ដុល្លារ​អាមេរិក។ តម្លៃ​នេះ​រាប់​បញ្ចូល​តម្លៃ​ដី​ប្រមាណ ២​លាន​ដុល្លារ ថ្លៃ​កម្មករ​និង​រចនា​សម្ព័ន្ធ​មូលដ្ឋាន​ប្រមាណ ២០​លាន​ដុល្លារ និង​ថ្លៃ​​បូជនីយដ្ឋាន​ផ្សេងៗ​ប្រមាណ ២០​លាន​ដុល្លារ។ បើ​ប្រៀបធៀប​នឹង​កន្លែង​ល្បីៗ​ផ្សេង​ទៀត ការ​ចំណាយ​ប្រាក់​សង់​ប្រាសាទ​អង្គរវត្ត​គឺ​មាន​ចំនួន​ច្រើន​ជាង​គួរ​ឲ្យ​កត់​សម្គាល់។ តួ​យ៉ាង​ដូចជា បច្ចុប្បន្ន​បើ​ចង់​​សង់​តំបន់​ថ្ម Stonehenge ត្រូវ​ចាយ​អស់ ៣,៥​លាន​ដុល្លារ, ​អគារ​ទ្រេត​ Pisa អស់ ៤,២​លាន​ដុល្លា, ប៉ម​អេហ្វែល​របស់​បារាំង​អស់ ៣១​លាន​ដុល្លារ, សួន​ច្បារ The Hanging Gardens of Babylon អស់ ៣១,៥​លាន​ដុល្លារ និង​វិមាន​ Parthenon របស់​ក្រិក ​អស់ ៣៥​លាន​ដុល្លារ ជា​ដើម។

សូម​បញ្ជាក់​ថា ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ចាត់​ចូល​​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នា​ឆ្នាំ​១៩៩២។ ប្រាសាទ​​ដែល​មាន​លក្ខណៈ​ល្អ​វិចិត្រ និង​បង្ហាញ​នូវ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​​ដល់​កំពូល​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ដើម​សតវត្ស​ទី​១២ ដោយ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​២ (១១១៣ -១១៥០) ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ ក្នុង​ព្រហ្មញ្ញ​សាសនា។ ប្រាសាទ​អង្គរវត្ត​មាន​កម្ពស់ ៦៥​ម៉ែត្រ មាន​ក្រឡា​ផ្ទៃ​ប្រហែល ២០០​ហិចតា រាង​ចតុកោណ ដែល​កំណត់​ដោយ​កំពែង​ព័ទ្ធ​ជុំវិញ និង​គូ​ទឹក​​​​​​​​​​ ដែល​មាន​ទទឹង ២០០​ម៉ែត្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរិវេណ​នៃ​កំពែង​គឺ​មាន​ប្រវែង​ប្រហែល ៥,៥​គ.ម។ ផ្លូវ​ចូល​ធ្វើ​អំពី​ថ្ម​ភក់ មាន​ប្រវែង​បណ្ដោយ ២៥០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ។ ដោយសារ​តែ​ទំហំ​ដ៏​ធំ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ មាន​មនុស្ស​មួយ​ចំនួន​គិត​ថា ប្រាសាទ​អង្គរវត្ត​មិនមែន​ស្នាដៃ​របស់​មនុស្ស​ទេ គឺ​ជា​ស្នាដៃ​របស់​អាទិទេព៕

ប្រភព៖ Brightside | ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;