លម្អិត​បន្ថែម​អំពី​ការពង្រីក​ផ្លូវជាតិ​លេខ២

  • 2020-02-11 04:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ធ្វើឱ្យប្រសើរឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបាន​គូសបញ្ជាក់​ក្នុងពិធីបើកការដ្ឋាន​នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២០​ថា បន្ទាប់ពីផ្លូវនេះ​បានសាងសង់​រួចជាស្ថាពរ វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ ហើយវាក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣ មួយកម្រិតផងដែរ៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;