ការអភិវឌ្ឍកោះពស់ សម្រេចបានប៉ុណ្ណាហើយ?
- 2020-02-13 01:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការអភិវឌ្ឍកោះពស់ សម្រេចបានប៉ុណ្ណាហើយ?
ចន្លោះមិនឃើញ
លោក Karkov Pavel តំណាងក្រុមហ៊ុនកោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលនូវគម្រោងអភិវឌ្ឍន៍នៅលើកោះពស់មានទំហំ ១១៦ហិកតា។ ក្រុមហ៊ុនបានសាងសង់ស្ពានឆ្លងសមុទ្រប្រវែង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ភូមិគ្រឹះ៣៦ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់បាន ៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត និងភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ ក៏មានសាងសង់ផ្លូវតូចៗជាច្រើនទៀត ។ ការអភិវឌ្ឍនៅលើកោះពស់ គឺដើម្បីបម្រើសេវាទេសចរណ៍។
ការឱ្យដឹងខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើសំណើសុំអនុញ្ញាត និងការគាំទ្រគោលការណ៍ដល់ការងារជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុន ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក គួច ចំរើន បានធ្វើការណែនាំក្រុមហ៊ុនកោះពស់ ចំនួនពីរចំនុច៖
ទី១. គឺនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីជំនាញចុះពិនិត្យពីស្ថានភាព នៃការអភិវឌ្ឍរបស់ក្រុមហ៊នជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។
ទី២.ក្រុមហ៊ុនត្រូវធ្វើ ផែនការមេ ឱ្យខានតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាមផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរ និងស្ថាប័នជំនាញ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ