ក្រសួងចេញវិធានការទ្រទ្រង់វិស័យទេសចរណ៍ ពេលមានវិបត្តិវីរុសកូរ៉ូណាថ្មី

  • 2020-02-13 06:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិសេស​មួយ​ដើម្បី​ពិនិត្យ​លើ​ផែន​ការ​សកម្មភាព​ទេសចរណ៍​ចំពោះ​មុខ ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់​កាល​វិបត្តិ​វីរុស​កូរ៉ូណា​ថ្មី (CoVid-19) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញទេសចរណ៍ និង​ថ្នាក់​ដឹក​នាំ​របស់​សមាគមន៍​ឧស្សាហកម្ម​ទេសចរណ៍ទាំងអស់។ កិច្ចប្រជុំ​នេះ ធ្វើឡើង​កាលពីថ្ងៃទី១២ កុម្ភះ ២០២០ នៅទីស្តីការក្រសួងទេសចរណ៍។

រូបភាព៖ ក្រសួងទេសចរណ៍
ក្នុងកិច្ចប្រជុំ បានឯកភាពដាក់ចេញផែនការសកម្មភាពមួយ ដោយ​មាន​ដាក់​ចេញ​ជាវិធាន​ការ​រយះ​ពេល​ខ្លី និងវែងដោយ​ផ្តោត​លើ​គោល​ដៅយុទ្ធសាស្ត្រចំនួន៤ អមជាមួយសកម្មភពការងារ ចំនួន ៧៦។ យោង​តាម លោក​រដ្ឋមន្រ្តី គោលដៅយុទ្ធសាស្រ្តទាំង ៤មានដូចខាងក្រោម៖

ទី១៖ ធ្វើឲ្យកាន់តែប្រសើរឡើងនូវរូបភាពគោលដៅទេសចរណ៍កម្ពុជា គឺជាគោលដៅសុវត្ថិភាព។

ទី២៖ ជម្រុញចលនាទេសចរណ៍ក្នុងស្រុក។

ទី៣៖ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពី​ទីផ្សារ​ទេសចរណ៍​គោល​ដៅ។

ទី៤៖ បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍។

ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងសកម្មភាពទី១ នៃគោលដៅយុទ្ធសាស្ត្រទី១ គឺ អង្គ​ប្រជុំ​បាន​អនុម័ត​សេចក្តី​ណែនាំ (recommendation) ចំនួន ៦សម្រាប់ការអប់រំ វិធានការបង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​វីរុស ដល់​មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងនោះរួមមាន៖

  • សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។

  • សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។

  • សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់សម្រាប់មគ្គុទេសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំភ្ញៀវ (Tour Leaders)។

  • សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី។

  • សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកម៉ាស្សា និងអ្នកគ្រប់គ្រងស្ប៉ា-ម៉ាស្សា។

  • សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍ផងដែរ។

តាមរយះសេចក្តីណែនាំនេះ ក្រសួងទេសចរណ៏នឹងសហការជាមួយក្រសួងសុខាភិបាល រៀបចំ​បណ្តុះ​បណ្តាល​ជនបង្គោលយ៉ាងតិច ១នាក់នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៏នីមួយៗ។ ដោយ​ឡែកក្រសួងទេសចរណ៍ នឹងរៀបចំឲ្យ​មានក្រុមការងារគ្រប់គ្រងវិបត្តិ ថ្នាក់ក្រសួង ក្រុម Task forces មួយចំនួនដែលដឹកនាំដោយរដ្ឋលេខាធិការ ឬ អនុរដ្ឋលេខា និងក្រមមន្ត្រីជំនាញ និង​មាន​ក្រុម​ការងារ​គ្រប់គ្រងវិបត្តិតាមរាជធានី-ខេត្ត។

តាមការគ្រោងទុក ក្រសួងទេសចរណ៏ គ្រោង​នឹង​ដាក់​ផែនការ​សកម្មភាព​នេះ​ជូន​ទៅគណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងគោរពដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេច​សំដៅ​ទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (CoVid-19 នេះ​ឲ្យ​បានទាន់ពេល និងក្រោយដំណាក់កាលវិបត្តិអោយមានប្រសិទ្ធភាព៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;