ទំនិញកម្ពុជាជាង ៩ពាន់មុខនៅតែទទួលបានការអនុគ្រោះពន្ធ (EBA)

  • 2020-02-14 02:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដីជូនដំណឹងដល់​សាធារណជន អំពី​មុខ​ទំនិញ​ចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែល​ផលិត​នៅ​កម្ពុជា​ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង ដែល​អ្នក​នាំ​ចេញ​កម្ពុជា​មាន​លទ្ធភាព​អាច​បង់​ពន្ធនាំចេញ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ ទន្ទឹមនោះ នៅសល់មុខទំនិញប្រមាណជាង ៩ពាន់ (ប្រាំបួនពាន់) មុខទៀត នៅ​តែទទួល បាន​ភាព​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ (EBA) ក្នុង​គោល​បំណង​បន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សា​ការ​ងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។

សេចក្ដីប្រកាសនេះ​បាន​ចេញ​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ថា​ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​លិខិត​លេខ Ares (2020) 868510 ចុះ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈកម្មការអឺរ៉ុប (European Commission) តាម​រយៈ​ស្ថាន​ទូត​សហ​ភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា អំពី​នីតិវិធី​នៃ​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​សម្បទាន​ពន្ធ ចំពោះមុខទំនិញមួយចំនួន ក្រោម​ក្របខ័ណ្ឌ​អនុ​គ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ (EBA)»។

តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខ​ទំនិញ​ដែល​បាន​ស្នើ​សុំ​ព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០ មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និង​សភា​អឺរ៉ុប ពិនិត្យលើ ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ (ពីរ)​ខែ​ជា​បន្ត​​ទៀត ចាប់​ពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភា​អឺរ៉ុប​មាន​សិទ្ធិ​ជំទាស់​ទៅ​នឹង​សេចក្ដី​ស្នើ​ច្បាប់​សុំព្យួរ​ជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភា​អឺរ៉ុប​អាច​ប្រើ​ពេល​វេលា ២ (ពីរ)ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា។

តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង ៤០​មុខ ទៅ កាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឲ្យព្យួរសម្បទានពន្ធជាបណ្ដោះ​អាសន្ន​នៅ​ចុង​ឆ្នាំ២០២០ មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់ទីផ្សារអឺរ៉ុបដដែល ដោយសារ រាជរដ្ឋាភិបាលបាន និង​កំពុង​អនុវត្ត​នូវ​កំណែ​ទម្រង់​មុត​ស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;