សម្តេច ស ខេង៖ កម្ពុជាគឺជាឋានសួគ៌របស់អង្គការសង្គមស៊ីវិល

  • 2020-02-20 06:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា បើ​ប្រៀប​ធៀបជាមួយប្រទេសជាច្រើន កម្ពុជាគឺជាឋានសួគ៌របស់អង្គការសង្គមស៊ីវិល។ ហើយ​ក្រសួង​មហាផ្ទៃ​នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូរដដែល។ នេះ​បើ​តាម​ការថ្លែង​បញ្ជាក់​របស់​សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០២០ របស់ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចក្រឡាហោមក៏បានរិះគន់ទៅលើកក្រុមអង្គការ សមាគម រួម​ទាំង​សហគមន៍​មួយ​ចំនួន​កាល​ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ និងទាមទារឲ្យនិរាករណ៍ច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺវាមិនត្រឹមត្រូវ។ ដោយសម្តេចបានលើកឡើងថា ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មួយ​ចំនួន​ដែល​មានឈ្មោះក្នុងសេចក្តីថ្លែងការណ៍រួមនោះគឺ មាន​មួយ​ចំនួន​មិន​បានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “ គាត់​ទៅ​ប្រមូល​សហគមន៍​តូចៗ​មក​ដាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម មានចំនួន១០០ អ្នកខ្លះមិនទាន់ដឹងខ្លួនផងតាមមើល អត់​ទាន់​ដឹង​ខ្លួន​ផង​គេ​ដាក់ឈ្មោះទៅ ដើម្បីឲ្យបានច្រើនថា ពួកគាត់នឹងខ្លាំង តែធាតុពិតទៅអ្នកខ្លះអអត់ដឹងខ្លួនផង ហើយ​សហគមន៍ខ្លះពីរនាក់ បីនាក់ តែ​សហគមន៍​ទាំង​នឹង​អត់​មាន​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ​ទេ ភាគច្រើនអាចថា ៧០ ទៅ ៨០ភាគរយ ខ្ញុំអាចថាចឹង។ អ្នក​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​គាត់​បានលុយ​បានកាក់មក បានជំនួយពីក្រៅមក ប្រហែលគាត់ប្រើអ្នកទាំងនឹង (សហគមន៍) ដើម្បី​យក​លុយ​ទៅ​ចាយធ្វើនេះ ធ្វើនោះ ហើយ​បបួល​ពួក​នឹង​មក​ដើម្បី​គាត់​ទ្រគាត់​ឲ្យ​វា​ខ្លាំង​ដើម្បី​ទាត់​ចោល​ច្បាប់ NGO”។

សម្តេច​ក្រឡាហោមបានសង្កត់ធ្ងន់ថា ទោះ​បី​ជាយ៉ាង​ណា​ក៏ដោយ​ក្រសួង​មហាផ្ទៃ​នៅតែ​លើក​កម្ពស់​ភាព​ជា​ដៃ​គូរ​រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ ហើយ​ចំណុច​ណាខ្លះ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឡើង​ដើម្បី​សិក្សា​ធ្វើ​វិសោធនកម្ម គឺយើងមិនត្រូវតក់ក្រហល់ពេក ពី​ព្រោះ​ច្បាប់​នេះ​សម្ដេច​ជា​អ្នក​ចាប់​ផ្តើមរៀប​ចំធ្វើនៅឆ្នាំ១៩៩៤ ចេញជាសេចក្តីព្រាងនៅឆ្នាំ១៩៩៥។ ហើយ​ពី​ឆ្នាំ​១៩៩៥ មក​ដល់​ឆ្នាំ២០១៥ ច្បាប់នេះត្រូវសភាអនុម័តចូលជាធរមានប្រកាសឲ្យប្រើ។ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ជាច្រើនកម្ពុជាជាឋានសួគ៌របស់អង្គការសង្គមស៊ីវិលហើយ។ សម្តេច​ក្រឡា​ហោម​បាន​បញ្ជាក់​ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនរដ្ឋាភិបាល មាន១៧មាត្រា ប៉ុន្តែ​កែ​បាន​ចំនួន ៩មាត្រា​ហើយ នៅសល់ ៨មាត្រាទៀត ហើយជជែកជាមួយក្រុមអង្គការសង្គមស៊ីវិល ១០ដងទៀត ក៏​អត់​ទាន់​យឺត​ដែរ នេះ​បើសិនជាមានឆន្ទៈទាំងអស់គ្នា តែ​បើ​អង្គការ​សង្គម​ស៊ីវិល​ចង់​ទាត់​ច្បាប់​នេះ​ចោល សូម​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ដាក់​ខ្លួន​ដាក់​ប្រាណ​នៅ​ក្រៅ​ពី​រង្វង់​ច្បាប់​សម្តេច​អត់​ដឹង​ទេ។ ប៉ុន្តែ​បើរួមគ្នាកសាងជាប្រទេសនីតិរដ្ឋ គ្រប់គ្រងដោយរដ្ឋ គួរ​តែ​អត់​ធម្មត់​ទាំង​អស់​គ្នា​ទៅ​ល្អ​ជាង។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សហគមន៍និងអង្គការសង្គមស៊ីវិល ចំនួន១០០ បាន​ចេញសេចក្តីការណ៍រួមមួយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការ​និរាករណ៍​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែនរដ្ឋាភិបាលឱ្យបានឆាប់រហ័ស។ ដោយក្នុងសេចក្តីថ្លែងការណ៍បានលើក្កឡើងថា កិច្ច​ប្រជុំលើកទី៤ រវាងក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន បាន​បញ្ចប់​ទៅ​ដោយ​មិនមានលទ្ធផលជាវិជ្ជមាន ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យ​មានភាពល្អប្រសើរនោះទេ។ នេះ​គឺ​ជាសកម្មភាព​ចុង​ក្រោយ​មួយ​នៃ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែល​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​អង្គការ​មិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម និង​ក្រុម​សហគមន៍​មូលដ្ឋាន​ផង​ដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;