នារីដែលត្រូវប៉ូលីសចាប់ Live លក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាសអាច​នឹងជាប់ទោសពី ១ខែ ដល់ ១ឆ្នាំ

  • 2020-02-21 06:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​លក់​ផលិតផល​អនឡាញ​តាម​បណ្តាញសង្គម បញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាស​ដែល​មាន​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវ​បាន​តំណាងអយ្យការ​សម្រេចចោទប្រកាន់ តាមមាត្រា៣៨ មាត្រា​៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ អាច​នឹងប្រឈមជាប់ទោសចាប់ពី ១ខែ ដល់ ១ឆ្នាំ និងមាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០២០។

ស្ត្រីឈ្មោះ ថៃ ស្រីនាង ត្រូវ​បានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០
ស្ត្រីឈ្មោះ ថៃ ស្រីនាង ត្រូវ​បានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុង​ករណី​ផុស​រូប​ភាព​សិច​ស៊ី ប្រឈម​នឹង​ការ​ចោទ​ពី​បទ​ផុស​រូបភាព និងសំភារ:អាសអាភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​កាល​ពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ត្រីឈ្មោះ ថៃ ស្រីនាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះ​កំហុស​ឆ្គងដែលគាត់បានផុសរូបភាព និង​វីដេអូ ដែល​ធ្វើឲ្យ​ប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជា​ពិសេស​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ និងបានយល់ព្រមថតជាវីដេអូដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់។

បន្ទាប់​ពី​ធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១:៣០នាទី ក៏​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ស្រាប់តែម៉ោង ២:៣៥នាទីរសៀលថ្ងៃដ៏ដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែម​ទាំង​ផុស​រូប​អាក្រាតកាយ ដែលស្លៀកតែខោលីអូ។ ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះ​រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤:២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រី​នាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យាដើម្បីពិនិត្យមើល និង​ចាត់​វិធានការ​លើ​វីដេអូអាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះ​នេះ​ពិត​ជាមាន​ការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​បាន​ព្រមាន​ចាត់​វិធាន​ការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វ​ផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែល​នេះ​ក៏ជា​ការ​ប៉ះពាល់​ដល់​តម្លៃ សីល​ធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;